ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពី ការលើករង និងសង់រោងបណ្តុះកូនដំណាំ ដល់ក្រុមកសិករដាំត្រសក់ផ្អែម នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង
ចេញ​ផ្សាយ ២៦ កក្កដា ២០២៤
422

ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ម៉ិក និងលោកស្រី លាង ស៊ីណា មន្ត្រីអនុវត្តគម្រោងនើឆ័រ បានចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពី៖ ការលើករង និងសង់រោងបណ្តុះកូនដំណាំ  (ជំហ៊ានទី៣)​ ដល់ក្រុមកសិករដាំត្រសក់ផ្អែម នៅភូមិឆ្អើប សង្កាត់សំរោង  ក្រុងសំរោង  ដោយមានកសិករចូលរួមសរុបចំនួន២០នាក់ ស្ត្រី១៣នាក់ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖

- ដើម្បីឱ្យកសិករយល់ដឹងកាន់តែច្បាស់ ពីបច្ចេកទេសនៃការលើករងសម្រាប់ធ្វើការដាំដុះដំណាំទាំងរដូវវស្សា និងរដូវប្រាំង ។

- ដើម្បីឱ្យកសិករយល់ដឹងកាន់តែច្បាស់​ ពីអត្ថប្រយោជន៍នៃការធ្វើរោងបណ្តុះកូនដំណាំ  ។​

+លទ្ធផលសម្រេចបាន

- បានធ្វើតេស្តសំនួរសាកល្បងសមត្ថភាពចំណេះដឹង មុនវគ្គបណ្តុះបណ្តាល ដល់ក្រុមកសិករ  សរុបលទ្ធផលធ្វើតេសមុនវគ្គបណ្តុះបណ្តាល កសិករមានការយល់ដឹងប្រមាណជា៤០-៥០%​ 

- បានរំលឹកឡើងវិញពីការបណ្តុះបណ្តាលលើកទី២ កសិករមានការចងចាំមេរៀនបានប្រមាណជា៦៥%​

- កសិករយល់ច្បាស់ពីការលើករងសម្រាប់ដាំដំណាំត្រសក់ផ្អែម (កម្ពស់រង, ចន្លោះរង, ចន្លោះគុម្ព និងចំនួនជួរលើរង)​

- ការដាក់ជីទ្រាប់បាត ជីកំប៉ុស្តិ៍ ឬលាមកសត្វ (៥០០-១០០០គ.ក/១០០០ម២)​ និងកំបោរកសិកម្មប្រើ៤០គ.ក/១០០០ម២

- ដាក់ជីទ្រាប់បាត ជីគីមី NPK(១៥-១៥-១៥,១៨-៤៦-០,២០-២០-១៥+TE) ប្រើ១៦គ.ក/១០០០ម២

- ការទ្រាប់បាតមាន(លាមកសត្វ+ជីNPK+កំបោរកសិកម្ម) លាយបញ្ចូលគ្នា និងដាក់ចំកណ្តាលលើខ្នងរង

- រាយប្រព័ន្ធតំណក់ទឹក(ទ្រិប) ចំកណ្តាលរង រួចបន្ទាប់មកគ្របកៅស៊ូគ្របរងពីលើ (សម្រាប់កៅស៊ូគ្របរង  ពេលគ្របលើរងឱ្យព៍ណ៌ទឹកប្រាក់នូវផ្នែកខាងលើ)

- ធ្វើការបញ្ចូលទឹកឱ្យជោគ ដើម្បីឱ្យជីដែលដាក់ទ្រាប់បាត ធ្វើការបំបែកធាតុ ទៅជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ដំណាំ

- មុនស្ទួងកូនបីថ្ងៃធ្វើការបញ្ចូលទឹកឱ្យជោគម្តងទៀត និងចោះរន្ធ ទំហំ៥-៧ស.ម ចន្លោះពីរន្ធមួយទៅរន្ធមួយទៀត ០,៥ម

+ អត្ថប្រយោជន៍នៃការធ្វើរោងបណ្តុះកូនដំណាំគឺ៖ 

- ការពារកំដៅ និងទឹកភ្លៀង

- ការពារកូនដំណាំបាន ពីការឆ្លងជម្ងឺតាមរយៈសត្វល្អិតចង្រៃទិច ឬស៊ីកាត់កូនដំណាំ

- បញ្ជៀសការរលួយកូនដំណាំនៅរដូវវស្សា និងក្រិននៅរដូវប្រាំង

- កាត់បន្ថយការចម្លងជម្ងឺកូនដំណាំពីកន្លែងផ្សេងដែលហូរមកតាមដី

- ចំណេញពេលវេលាថែទាំកូនដំណាំ​

- កូនដំណាំមានសុខភាពល្អ

+ ផែនការបន្ត

- ចុះបណ្តុះបណ្តាលជំហានទី៤ និងតាមដានលើដំណើរការរៀបចំធ្វើចម្ការបង្ហាញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter