នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋាន ចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិត នៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។
តាមអ្វីដែលអ្នកបច្ចេកទេសចិញ្ចឹមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរ ការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការសាកពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន ០១តោន ក្នុង០១ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នមានកូនពូជប្រមាណ ៦០ ម៉ឺនក្បាល ដែលអាចផ្តល់ផលប្រមាណ ៥០ តោន នៅរយៈពេល ០៦ខែ និងគ្រោងផលិតកូនឱ្យបាន៥-១០ លានកូន នៅឆ្នាំក្រោយ។ បង្កងប្រភេទនេះមានតម្លៃ ២៥$/kg នៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ ៣០-៣៥$/kg។ ក្នុងនោះដែរ ផ្ទៃដីដែលបាននឹងកំពុងចិញ្ចឹមមានចំនួន ២៥ហិកតា នឹងធ្វើការពង្រីកដល់ ១០០ ហិកតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហិកតា សម្រាប់ផលិតបង្កងសាច់ ៣០ហិកតា សម្រាប់ ផលិតមេ បា និងកូនពូជ។ ទន្ទឹមនឹងនោះ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ការផ្តល់ចំណីផ្សំមាន ពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក ក្នុងស្រះនីមួយៗ មានបង្កង ៥០០០-៦០០០ក្បាល (បង្កងធំ) និង១០ ០០០ ក្បាល (កូនបង្កង) តាមការបញ្ជាក់របស់កម្មករចិញ្ចឹមផ្ទាល់។
តាមការពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធ កសិដ្ឋានផលិតកម្មចិញ្ចឹមបង្កងអូស្រ្តាលី (ពូជបង្កងថ្មី) ប្រកបដោយបច្ចេកវិទ្យាសាមញ្ញតាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងវិវឌ្ឍរីកចម្រើនជាបណ្តើរៗ ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលរដ្ឋបាលជលផល បាននឹងកំពុងជំរុញ និងលើកទឹកចិត្ត ឱ្យកសិករចិញ្ចឹមជាលក្ខណ:គ្រួសារ ព្រោះវាមានលក្ខណសាមញ្ញ និងទទួលបានកម្រៃខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះផែនការផលិតកម្មនាពេលអនាគត ព្រោះវាពិតជាបានចូលរួមចំណែកបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណផ្គត់ផ្គង់ ប្រើប្រាស់សក្តានុពលរបស់ដីឱ្យអស់លទ្ធភាព ចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសបង្កើតកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយឯកឧត្តមអភិបាលខេត្ត ឯកឧត្ដមរដ្ឋមន្រ្តី សុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្មទៅ តំបន់ផ្សេងៗទៀត ដែលមានប្រភពទឹកធម្មជាតិល្អ ព្រោះខេត្តនេះមានលក្ខណ:ធម្មជាតិ អំណោយផលក្នុងការ ចិញ្ចឹមបង្កងប្រភេទថ្មីនេះ។ ឯកឧត្ដមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ ចែកជូនកសិករ ដើម្បីយកមកចិញ្ចឹម ដោយផ្តល់បច្ចេកទេស ហើយប្រមូលទិញផលបង្កងមកវិញតាមរយ:ការ ធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអនាគត។ ដោយឡែក រដ្ឋបាលជលផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតយកសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះឱ្យបានទូលំទូលាយទូទាំងប្រទេស។