ចុះពិនិត្យផលិតកម្មភ្ញាស់កូនមាន់របស់ លោក លីវ សុខុម រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ចេញ​ផ្សាយ ១៨ មេសា ២០២០
527

ថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោក​ សូត្រ​ សុី​សុខឃាង​ ប្រធានមន្ទីរ​ និងសហការី បានចុះពិនិត្យផលិតកម្មភ្ញាស់កូនមាន់ របស់ លោក លីវ សុខុម រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ លោក លីវ សុខុម មានតួនាទីជាគ្រូបង្រៀន ក្របខណ្ឌរដ្ឋ ឆ្លៀតពេលទំនេរពីការបង្រៀន គាត់បានបន្ថែមមុខរបរភ្ញាស់កូនមាន់សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ ។ មុខរបរភ្ញាស់កូនមាន់នេះបានចាប់ផ្តើមឡើងនៅឆ្នាំ២០១៦ ដោយចាប់ផ្តើមចិញ្ចឹមមាន់តែ៣០ក្បាល និងបរិមាណផ្ដល់កូនបានពី ២០០ ទៅ៣០០កូន តែប៉ុណ្ណោះក្នុង១ខែ ។ ដោយទទួលបានការបណ្តុះបណ្តាលពីមន្ទីរជំនាញ និង អង្គការដៃគូរនានា រួមទាំងការខិតខំឈ្វេងយល់​ ដកស្រង់បទពិសោធន៍ជាបន្តបន្ទាប់ មុខរបរនេះទទួលបានការគាំទ្រ និងលទ្ធផលល្អប្រសើរ រហូតដល់បច្ចប្បន្ននេះ បានពង្រីកការចិញ្ចឹមមេមាន់យកពង រហូតដល់២០០ក្បាល ដែលអាចផ្តល់កូនបានប្រមាណ ២៥០០ កូន ក្នុង១ខែ សម្រាប់ផ្គត់ផ្គង់ទូទាំងខេត្តឧត្តរមានជ័យ។ ហើយពេលនេះតម្រូវការទីផ្សារកូនមាន់កាន់តែមានការកើនឡើងគាត់ក៏បានធ្វើកិច្ចសន្យាទទួលទិញពងមាន់ពីក្រុមកសិករ ក្នុងតម្លៃស៊ុតមួយគ្រាប់តម្លៃ ១៣០០ រៀលដែលអាចធ្វើឲ្យគាត់មានលទ្ធភាពផលិតកូនមាន់បានចំនួន៨០០០ ទៅ១២០០០ ក្បាលក្នុង១ខែ ដើម្បីចែកចាយក្នុងខេត្ត និងក្រៅខេត្ត ។ ពាក់ព័ន្ធនឹងតម្លៃកូនមាន់អាយុ៣ថ្ងៃ តម្លៃ៣៥០០៛ អាយុ១០ថ្ងៃ តម្លៃ៤០០០៛ គាត់បានបញ្ជាក់ថា តម្លៃកូនមាន់ខាងលើនេះ ជាតម្លៃមួយសមរម្យ និងអាចផ្តល់ឱកាសជូនកសិករដែរទិញយកទៅចិញ្ចឹមមាន់យកសាច់អាចទទួលបានប្រាក់ចំណេញសមរម្យ ។ បច្ចុប្បន្ននេះសម្រាប់ខ្លួនគាត់ផ្ទាល់ គាត់អាចរកចំណូលបានចន្លោះពី២ លានទៅ ៤ លានរៀលក្នុង១ខែ ។ សម្រាប់ទិសដៅបន្តគាត់នឹងពង្រីកការភ្ញាស់ពងមាន់ពី ១៥ ០០០ ពង ទៅ២០ ០០០ពងក្នុង១ខែ សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងក្រៅខេត្ត។ លោកបានបន្តលើកទឹកចិត្ត​ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើន និងឆន្ទៈតស៊ូពង្រីករបរនេះកាន់តែធំឡើងៗ ហើយក៏បានណែនាំដល់ការិយាល័យផលិតកម្មនិងបសុព្យាបាល បន្តផ្តល់ការគាំទ្រដល់គាត់ និងកសិដ្ឋានដទៃទូទាំងខេត្តនូវបច្ចេកទេសចិញ្ចឹមថ្មីៗ និងការងារអនាម័យ ធ្វើយ៉ាងណាបង្កើនគុណភាព និងធានាបាននូវ ជីវសុវត្ថិភាព និងច្រវាក់ផលិតកម្ម ។ មួយវិញទៀត មន្ត្រីជំនាញត្រូវសហការជាមួយពួកគាត់ក្នុងការបង្កើតបន្ថែមនូវបណ្តុំផលិតកម្មចិញ្ចឹមមាន់យកស៊ុត ដើម្បីធ្វើកិច្ចសន្យាផ្គត់ផ្គង់ ជាមួយលោក លីវ សុខុម សម្រាប់ភ្ញាស់ ដើម្បីបង្កើនប្រាក់ចំណូលនៅតាមសហគមន៍ក៏ដូចជាតាមគ្រួសារកសិករ៕

ចំនួនអ្នកចូលទស្សនា
Flag Counter