នៅថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផលឧត្តមានជ័យ បានដឹកនាំក្រុមការងារសហការជាមួយសហគមន៍ស្រះជម្រកត្រីទំនប់ថ្មី និងសហគមន៍សង្ឃរុក្ខវ័ន្ត បានចុះបង្រ្កាបបទល្មើសរដ្ឋបាលជលផលនៅចំណុចទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បានប្រទះបទល្មើសជលផល ចំនួនបីករណី (ការដាក់រ៉ាវ) ។
- ករណីទី១ ការដាក់រ៉ាវកាច់ឡុកយកត្រីប្រវែងប្រហែល ២០០ ម៉ែត្រ កម្ពស់ ២ម៉ែត្រ និងបង្គោល ១១៦ ដើម ។
- ករណីទី២ ការដាក់រ៉ាវកាច់ឡុកយកត្រីប្រវែងប្រហែល ៤៥០ ម៉ែត្រ កម្ពស់ ៣ម៉ែត្រ និងបង្គោល ២០០ ដើម ។ ចំពោះករណីទាំងពីរខាងលើ ដោយពុំមានអ្វីដឹកជញ្ជូនយកមកដាក់នៅកន្លែង ក្រុមការងារបានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង ។
- ករណីទី៣ ក្រុមការងារបានចុះត្រួតពិនិត្យជាក់ស្ដែង ដោយមានការយោគយល់ ខណ្ឌរដ្ឋបាលជលផលបានធ្វើកិច្ចសន្យាបញ្ឈប់បទល្មើស និងបានធ្វើការណែនាំពីច្បាប់រដ្ឋបាលជលផល ដើម្បីបញ្ឈប់សកម្មភាពចាប់ពីថ្ងៃនេះតទៅ ប្រសិនជាមានជាលើកទីពីរ ខណ្ឌរដ្ឋបាលជលផលនិងធ្វើទៅតាមនីតិវិធីច្បាប់ ។