នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោកហាំង ម៉េង អភិបាលនៃគណៈអភិបាលស្រុកបន្ទាយអំពិលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជំទាវ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការជានារី ចំណុះសាលាស្រុកបន្ទាយអំពិល និងសមាជិកនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ស្រ្តីរួមគ្នារក្សាសន្តិភាព និងសមភាពយេនឌ័រ គឺជាប្រធានបទ នៃការអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នឹងរៀបចំឡើងដើម្បីរំឭកពីការតស៊ូរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការទទួលបានសិទ្ធស្មើគ្នារវាងបុរស និងស្រ្តី។ ព្រឹត្តិការណ៍ ៨ មីនា រំលេចពីតម្លៃ នៃសន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សា ដែលរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខមាលភាពសង្គម ដោយទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា។ នាឱកាសនេះដែរឯកឧត្តមប៉ែន កុសល្យ បានចូលរួមផ្តល់នូវអនុសាសន៍ល្អៗ និងលើកទឹកចិត្តដល់មន្រ្តីរាជការស្រ្តី ដែលកំពុងបម្រើការងារក្នុងគោលបំណងអភិវឌ្ឍន៍លើកម្ពស់សម្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជា ក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អ ដើម្បីទទួលបានសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
ម៉្យាងទៀតឯកឧត្តមបានឱ្យដឹងថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី គឺជាកត្តារួមចំណែកធ្វើឱ្យមានសន្តិភាព សន្តិសុខ និងវឌ្ឍនភាពយូអង្វែងរបស់សង្គមជាតិ ។ យ៉ាងណាមិញ ការធ្វើបែបនេះគឺបានផ្តោតសំខាន់លើការគាំពារសុខភាពមន្រ្តីរាជការ និងលើកកម្ពស់សមត្ថភាពមន្រ្តី ជាពិសេសមន្រ្តីនារី ធ្វើយ៉ាងណាខិតខំពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន ។
ជារៀងរាល់ឆ្នាំការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា គឺបានប្រារព្ធនៅទីរួមខេត្តដោយឡែក សម្រាប់ការអបអរសាទរ ខួបលើកទី១០៩ឆ្នាំនេះ ធ្វើនៅស្រុកបន្ទាយអំពិល ព្រោះចង់ផ្លាស់ប្តូរបរិយាកាស នឹងចង់រឹតចំណងសាមគ្គីភាពជាមួយគ្នារវាងមន្រ្តីជាស្រ្តីទាំងអស់ផងដែរ ៕