ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក ប៉ិត ឆោម និងលោក សែន សុខា ជាមន្ត្រីការិយាល័យផែនការ-គណនេយ្យ បានចូលរួមសិក្ខាសាលាស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានលើការប្រមូល និងប្រើប្រាស់ទិន្នន័យសម្រាប់ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងកសិកម្ម នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអ្នកចូលរួមចំនួន៥១នាក់ ស្រីចំនួន១៣នាក់ ក្នុងគោលបំណង ផ្ដល់ចំណេះដឹង និងបទពិសោធន៍លើការប្រមូល និងប្រើប្រាស់ទិន្នន័យស្ថិតិកសិកម្ម ពង្រឹងសមត្ថភាពមន្ត្រីអំពីបច្ចេកទេសក្នុងការអនុវត្តប្រព័ន្ធស្ថិតិកសិកម្ម ។ នាឱកាសនោះដែរ ឯកឧត្តម ចាន់ ចេស្ដា មានមតិស្វាគមន៍ដល់អង្គសិក្ខាសាលាទាំងមូលឱ្យសិក្ខាកាម ខិតខំត្រង់ត្រាប់ស្ដាប់ដើម្បីយកទៅអនុវត្តតាមខេត្តរៀងៗខ្លួនឱ្យបានល្អប្រសើរ និងប្រកាសបើកអង្គសិក្ខាសាលា ។ បន្ទាប់មកទៀត លោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ បានសំណូមពរឱ្យបង្កើត ក្រុមតេឡេក្រាមរួមមួយ ហើយរបាយការបង្កបង្កើនផលត្រូវផ្ញើឱ្យបានត្រឹមថ្ងៃពុធ ម៉ោង១២:០០រសៀលយ៉ាងយូរ ។ លោក ពេជ រតនា បានបង្ហាញពីទម្រង់របាយការណ៍នៅក្នុងប្រព័ន្ធNAIS របៀបប្រើប្រាស់ និងដាក់បញ្ចូលទម្រង់របាយការណ៍ (Uploading) របៀបពិនិត្យមើលទម្រង់របាយការណ៍ និងកែប្រែក្នុងករណីមានការខុស ឬតម្រូវឱ្យដាក់បញ្ចូលសារជាថ្មីម្ដងទៀត និងរបៀបផ្ញើទម្រង់របាយការណ៍ចូលក្នុងប្រព័ន្ធ (Server) ៕