ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម សហការី បានចូលរួមវគ្គផ្សព្វផ្សាយស្ដីពីខ្សែច្រវាក់តម្លៃផលិតកម្មដំណាំស្រូវសរីរាង្គ រៀបចំដោយនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងសហការជាមួយក្រុមហ៊ុន AMRURICE នៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្ដឧត្តរមានជ័យ ក្រោមអធិបតីភាពលោក សយ បញ្ញា អនុប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម លោក ជូ ចំរើន ប្រធានការិយាល័យកសិកម្មដំណាំស្រូវជាមូលដ្ឋាន និងសហការី និងលោក កង យឿង តំណាងក្រុមហ៊ុន AMRURICE ក្នុងនោះ កសិករចូលរួម ចំនួន២៣នាក់ ស្រី១៤នាក់ ក្នុងគោលបំណង ដើម្បីរកទីផ្សារជូនកសិករលើផលិតកម្មដំណាំសរីរាង្គ។ នាឱកាសនោះដែរ លោក កង យឿង តំណាងក្រុមហ៊ុន AMRU RICE បានប្រាប់ពីលក្ខខណ្ឌ និងគោលការណ៍ក្នុងការផលិតស្រូវសរីរាង្គ ។ ចំណែកលោក ជូ ចំរើន បានណែនាំអំពីសារប្រយោជន៍នៃគម្រោង និងណែនាំអំពីបច្ចេកទេសផលិតស្រូវសរីរាង្គ ការវិភាគសេដ្ឋកិច្ច រវាងការផលិតស្រូវសរីរាង្គ និងការផលិតស្រូវតាមទម្លាប់ដោយមានការប្រើប្រាស់ថ្នាំពុល ថ្នាំបាញ់ស្មៅ និងការប្រើប្រាស់ជីគីមី និងចុះពិនិត្យមើលការធ្វើបង្ហាញក្នុងការផលិតស្រូវសរីរាង្គ។ ជាលទ្ធផល លក្ខខណ្ឌរបស់ក្រុមហ៊ុន AMRU RICE គឺ ស្រែដែលធ្វើមិនមានប្រើថ្នាំពុល ថ្នាំស្មៅ និងមិនប្រើប្រាស់ជីគីមី ត្រូវការស្រែថ្មីដែលមិនធ្លាប់ធ្វើពីមុនមក ស្រែដែលធ្លាប់ធ្វើត្រូវឈប់ប្រើថ្នាំពុល ថ្នាំស្មៅ និងឈប់ប្រើជីគីមីរយៈពេល៣ឆ្នាំ សិនទើបអាចផលិតស្រូវសរីរាង្គបាន ស្រូវសរីរាង្គដែលផលិតបានក្រុមហ៊ុនទិញលើសពីស្រូវធម្មតា ២០% ទៅ៣០% ស្រែដែលធ្វើផលិតស្រូវសរីរាង្គ ត្រូវមានភ្លឺបិតជិតមិនឱ្យទឹកស្រែដ៏ទៃហូរឆ្លងកាត់ឡើយ ។ ចំពោះអត្ថប្រយោជន៍នៃគម្រោងមានដូចជា ផ្ដល់ចំណេះដឹង បច្ចេកទេសអំពីផលិតកម្មដំណាំសរីរាង្គ និងលើកកម្ពស់ប្រសិទ្ធភាពដល់កសិករ សហគមន៍កសិកម្ម ដើម្បីស្វែងរកទីផ្សារសម្រាប់កសិករខ្នាតតូច មធ្យម និងខ្នាតធំតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ហើយកសិករមានការចាប់អារម្មណ៍ក្នុងការផលិតស្រូវសរីរាង្គ ប្រហែលជា ៦៥% ដោយគាត់យល់ឃើញថា មិនសូវចំណាយច្រើនទៅការផលិតស្រូវសរីរាង្គ ។ មួយវិញទៀត ពូជស្រូវដែលផលិតស្រូវសរីរាង្គ មានដូចជា (ផ្ការំដួល សែនក្រអូប ...) ៕