ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះតាមដានដំណាក់កាលលូតលាស់ស្រូវស្រែបង្ហាញពូជ ដែលគាំទ្រដោយគម្រោង Tica ប្រទេសថៃ របស់កសិករ ប៊ូ សំហេន និងកសិករ ប៊ន់ ម៉ាប់ នៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ដែលមានសកម្មភាពដូចជា បានចុះពិនិត្យក្នុងស្រែរបស់កសិករ ប៊ូ សំហេន ឃើញមានវត្តមាន ជំងឺប្លាស កើតមានលើស្លឹកស្រូវចំនួនផ្ទៃដី០១ហិកតា ។ តាមរយៈការអង្កេតផ្ទាល់ ចំពោះស្រែស្រូវពង្រោះដែលនូវជុំវិញ គឺមិនមាននូវវត្តមានជំងឺប្លាសនេះទេ ដោយសារតែស្រូវពង្រោះគឺស្ថិតនៅក្នុងវគ្គបង្កបង្កើនផលទៅហើយ ចំណែកស្រូវសន្ទូងដែលមាននូវវត្តមានជំងឺប្លាសគឺ ស្ថិតនៅក្នុងវគ្គលូតលាស់ និងបែកគុម្ព ដែលដើមដងស្រូវកំពុងតែមានសភាពខ្ចីល្អ មួយវិញទៀតគួបផ្សំនឹងលក្ខខណ្ឌអាកាសធាតុសមស្រប ធ្វើឱ្យដំណាំស្រូវងាយរងនូវឥទ្ធិពលជំងឺប្លាសនេះកើតឡើង ។ សកម្មភាពបន្តចុះពិនិត្យស្រែ របស់កសិករ ប៊ន់ ម៉ាប់ ក្នុងការចុះពិនិត្យផ្ទាល់សង្កេតឃើញថា សម្រាប់ដំណាំស្រូវរបស់ កសិករ ប៊ន់ ម៉ាប់ គឺស្រូវលូតលាស់បានល្អ និងមានចំនួនដើមបែកចន្លោះពី២៥ដើម ទៅ៣០ដើម ក្នុង១គុម្ព ចំពោះវត្តមានសត្វល្អិត និងជំងឺមិនមានជាបញ្ហានោះទេ ហើយសម្រាប់ការបាចជីផ្តាច់គឺ ត្រូវបាចនៅចន្លោះថ្ងៃទី១៥ និងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។ បញ្ហាដែលបង្កឱ្យមានវត្តមានជំងឺប្លាសនេះគឺបណ្តាលមកពី៖ ដើមស្រូវលើសនូវកម្រិតជីអាសូត សំណើមប្រចាំថ្ងៃមានកម្រិតខ្ពស់ មេឃស្រទំ មានភ្លៀងធ្លាក់ញឹកញប់ និងរលឹមជាប្រចាំ ។ ជាលទ្ធផល ចំពោះកសិករ ប៊ូ សំហេន គឺបានផ្តល់អនុសាសន៍ឱ្យកសិករបង្ហូរទឹកចេញពីក្នុងស្រែឱ្យនៅក្រោមបង្គាបដើមស្រូវ និងប្រើថ្នាំពុលគីមីកសិកម្ម មានឈ្មាះថា ណាទីវ៉ូ ដែលមានធាតុសកម្ម (Trifloxystrobin, Tebuconazole) ផ្អាកការដាក់ជីបំប៉នជាពិសេស ជីអាសូត នៅក្នុងដំណាក់កាលដែលស្រូវកំពុងតែមានវត្តមានជំងឺ ៕