លោក តាញ់ បុត្តា ដឹកនាំកសិករទស្សនកិច្ចការចិញ្ចឹមមាន់នៅស្ថានីយកសិកម្មកូនក្រៀល
ចេញ​ផ្សាយ ៣១ សីហា ២០១៩
545

លោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានចុះដឹកនាំកសិករចំនួន ០៥រូប មកពីស្រុកចុងកាល់ ក្រុងសំរោង និងស្រុកអន្លង់វែង ទស្សនកិច្ចការចិញ្ចឹមមាន់ស្រែនៅស្ថានីយចិញ្ចឹមសត្វកូនក្រៀល ក្នុងគោលបំណងគឺ ១. ចងបណ្តាញកសិករចិញ្ចឹមមាន់ស្រែឱ្យស្គាល់គ្នា ដើម្បីងាយស្រួលក្នុងការរៀបចំផែនការផលិតស៊ុត កូនមាន់ និងសាច់ ២. រកការឯកភាពគ្នាមួយរវាងអ្នកផលិតមាន់ស្រែក្នុងតំបន់ជាមួយ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។

ជាលទ្ធផល ១. កសិករចំនួន ០៣គ្រួសារក្នុងចំណោម ០៤គ្រួសារ យល់ព្រមបង្កើនចំនួនមេមាន់ពូជរបស់គាត់ឱ្យដល់គោលដៅដែលការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចង់បាន ដើម្បីផលិតពងមាន់ផ្គត់ផ្គង់មកឱ្យការិយាល័យក្នុងតម្លៃមួយគ្រាប់ ១,២០០រៀល (យកស៊ុតមកដាក់ក្នុងទូភ្ញាស់ យ៉ាងយូរមួយអាទិត្យបើពងមានអត្រាបង្កកំណើតបានប៉ុន្មាន ទូទាត់លុយជូនប៉ុណ្ណឹង ) ហើយការិយាល័យជាអ្នកស្វែងរកទីផ្សារ ស៊ុតមាន់ជូនពួកគាត់ ។ ពួកគាត់យល់ព្រមទទួលការតាមលក្ខខណ្ឌ ដែលការិយាល័យតម្រូវឱ្យរៀបចំរួមមាន ការផ្លាស់ប្តូរពូជ (ជ្រើសរើសមេបាជើងល្មៀត និងមិនជាន់ឈាម) ធ្វើកម្មវិធីជីវ សុវត្ថិភាព ការប្រើប្រាស់ចំណី ថ្នាំការពារជំងឺ និងការប្រើប្រាស់ថ្នាំព្យាបាលតាមស្តង់ដារតែមួយ ហើយចូលរួមរៀនពេលមានវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសញ្ចឹមមាន់ជាដើម។ ២. គម្រោងសាកល្បងនេះនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា ដោយតម្រូវឱ្យមួយគ្រួសារមានមេពូជចំនួន៥០ក្បាល និងឈ្មោល១០ក្បាល ។ ៣. កិច្ចសន្យារវាងកសិករនឹងការិយាល័យនឹងត្រូវធ្វើដោយមានការព្រមព្រៀងជាលាយលក្ខអក្សរនៅពេលគម្រោងចាប់ផ្តើមដំណើរការ ។ ផែនការបន្ត ចុះធ្វើការជាមួយពួកគាត់ ផ្តល់ប្រឹក្សាបច្ចេកទេសបន្ថែម  ដើម្បីពេលដំណើរការគម្រោងនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩ ដើរដោយរលូន ៕

ចំនួនអ្នកចូលទស្សនា
Flag Counter