សម្របសម្រួលកិច្ចប្រជុំពហុភាគីអ្នកពាក់ព័ន្ធក្នុងបណ្តុំអាជីវកម្មបន្លែគម្រោង@CHAIN
ចេញ​ផ្សាយ ៣១ សីហា ២០១៩
689

កញ្ញា ស៑ា សុភី នាថ្ងៃសុក្រ ០១កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ពស ៣៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានចូលរួមសម្របសម្រួលកិច្ចប្រជុំពហុភាគីអ្នកពាក់ព័ន្ធក្នុងបណ្តុំអាជីវកម្មបន្លែគម្រោង@CHAIN នៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមានកសិករចូលរូមសរុប១៥នាក់ ស្រី០៨នាក់ មកពីភូមិចំនួន០៤ដូចជា ភូមិស្រះឈូក ភូមិទួលសាលា ភូមិទឹកជុំ និងភូមិសន្ដិភាព ក្នុងគោលបំណង រំឭកពីគោលបំណងនៃការបង្កើតបណ្ដុំអាជីវកម្ម (ការភ្ជាប់ទំនាក់ទំនងរវាងកសិករអ្នកផលិត ជាមួយឈ្មួញអ្នកប្រមូលទិញ ឬក្រុមហ៊ុន អ្នកលក់ធាតុចូលកសិកម្ម និងអ្នកផ្តល់សេវាកម្មគាំទ្រផ្សេងៗ) ។ នាឱកាសនោះដែរ លោក ង៉ែត សុភា ទីប្រឹក្សាគម្រោង បានបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ និងដំណើរការរបស់បណ្ដុំអាជីវកម្ម ចំណែកលោក ឡាង សេងហ៑ង បានសាកសួរព័ត៌មានកសិករពីប្រភេទបន្លែដែលកសិករកំពុងផលិត ផ្ទះដីដាំដុះ និងតម្លៃទីផ្សារ ព្រមទាំងបានណែនាំពីការផលិតបន្លែសុវត្ថិភាព និងពូជដំណាំបន្លែដែលត្រូវផ្គត់ផ្គង់ឱ្យក្រុមហ៊ុន បង្ហាញពីតម្រូវការបន្លែសំខាន់ៗចំនួន០៥មុខ  និងបន្លែដែលត្រូវការបន្ទាប់បន្សំមួយចំនួនផ្សេងទៀត និងណែនាំពីដំណើរការនៃការប្រមូលទិញបន្លែរបស់ក្រមហ៊ុនជាមួយនឹងបណ្ដុំ ។ ជាលទ្ធផល កសិករដែលចូលរួមបានយល់ពីដំណើរការ និងតម្រូវការបន្លែរបស់ក្រុមហ៊ុន រីម៉ិច មានកសិករចំនួន១១នាក់ បានសម្រេចចិត្តដាំបន្លែលក់ឱ្យក្រុមហ៊ុន រីម៉ិច ចំនួន០៥មុខមាន ១. ត្រសក់ផ្អែម ២. ប៉េងប៉ោះធម្មតា និងប៉េងប៉ោះឆឺរី ៣. ពោតបារាំង ៤. ខាត់ណាផ្កា ៥. ត្រប់ស្រួយ ។ បន្ទាប់ពីបានទទួលបានលទ្ធផលពីកិច្ចប្រជុំនេះ ក្រុមហ៊ុន នឹងកំណត់ពេលវេលាដែលត្រូវផលិតដើម្បីផ្តត់ផ្គង់ឱ្យក្រុមហ៊ុននៅពេលខាងមុខ ។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីទីប្រឹក្សាជាន់ខ្ពស់របស់អង្គការ SNV មកពីប្រទេសហូឡង់ និងប្រទេសវៀតណាម ដោយជួយពិភាភ្សាជាមួយតំណាងក្រុមហ៊ុន រីម៉ិច និងជួបពិភាក្សាជាមួយក្រុមកសិករក្នុងបណ្ដុំដោយសាកសួរព័ត៌មានអំពីដំណើរការក្នុងផលិតកម្មបន្លែ បញ្ហាប្រឈមនានារបស់ក្រុម និងបណ្ដុំ ដើម្បីធ្វើការវាយតម្លៃពីការអនុវត្តកន្លងមក និងកែលម្អនូវចំណុចខ្វះខាតនានា ក្នុងគោលបំណងជំរុញឱ្យការអនុវត្តគម្រោងឱ្យកាន់តែប្រសើរ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter