លោក សូត្រ ស៊ីសុខឃាង ចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្ត "កម្មវិធីអភិវឌ្ឍន៍ វិស័យជលផល ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប"
ចេញ​ផ្សាយ ២២ សីហា ២០១៩
360

ថ្ងៃពុធ ០៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ និងសហការី បានចូលរួមពិធីបិទ "កម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មសត្វ " និងពិធីប្រកាសដាក់ឱ្យអនុវត្ត "កម្មវិធីអភិវឌ្ឍន៍ វិស័យជលផល ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប" នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគារផ្ការំដួល) ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ អញ្ចើញមកពីក្រសួងពាក់ព័ន្ធ ឯកឧត្ដម លោកជំទាវឯកអគ្គរាជទូត រដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការជាតិ អន្តរជាតិ ដៃគូ អភិវឌ្ឍវិស័យឯកជន និងសហគមន៍កសិកម្មប្រមាណ៣០០នាក់ ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Geoge Edgar មានមតិស្វាគមន៍ និងសម្តែងនូវទឹកចិត្តសប្បាយរីករាយក្នុងនាមដៃគូអភិវឌ្ឍរយ:ពេលវែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃើញសមិទ្ធផលដ៏មានតម្លៃជាច្រើនកើតចេញពីកម្មវិធីខាងលើ ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផល និងផលិតកម្មសត្វ ។
បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកជូនអង្គពិធីជ្រាបដោយសង្ខេបពីប្រវត្តិ នៃកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់ EU សម្រាប់អភិវឌ្ឍ វិស័យកសិកម្មចាប់ពីឆ្នាំ ១៩៩៣ ដែលមានជាបន្តបន្ទាប់ ដូចខាងក្រោម÷

១-គម្រោងទី១÷ "ការស្តារឡើងវិញវិស័យកសិកម្មនៅកម្ពុជា-ប្រាសាក់ PRASAC ថវិកា ៨០ លានអឺរ៉ូ សម្រាប់ ៨ឆ្នាំ (១៩៩៥-២០០៣) 

២-គម្រោងទី២÷ "ការចិញ្ចឹមសត្វខ្នាតតូច ថវិកា៥លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ (២០០៥- ២០១០)។

៣-គម្រោងទី៣÷ "ការស្តារឡើងវិញលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចនៅ បណ្តាខេត្ត នៃតំបន់ពាយ័ព្យហៅកាត់ថាអេកូសន ថវិកា២០លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៦-២០១០)។

៤-គម្រោងទី៤÷ "សន្តិសុខស្បៀង ថវិកា១១លានអឺរ៉ូ សម្រាប់ ១ឆ្នាំ (២០១០-២០១១) នៅខេត្តគោលដៅចំនួន១០។

៥-គម្រោងទី៥÷ “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មសត្វ” ដែលយើងកំពុង រៀបចំបិទបញ្ចប់នាពេលនេះ EU បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២០លានអឺរ៉ូ និងរាជរដ្ឋាភិបាលចំនួន៦លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ (២០១៤-២០១៨)។ 

           ទាំងអស់នេះក្នុងទិសដៅតែមួយគឺចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ 

         កម្មវិធីបន្ទាប់គឺ ទី០១"ការជំរុញកំណើនវិស័យវារីវប្បកម្មប្រកបដោយចីរភាព  និង បរិយាប័ន្ននៃវារីវប្បកម្ម (CAPFISH-Aquaculture)"  ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU និង AFD នៅថ្ងៃទី២៧/១១/២០១៧ សម្រាប់៦ឆ្នាំ (២០១៨-២០២៣) ថវិកា៣៥លានអឺរ៉ូ(EU ៣០ និង AFD ៥) និងទី២ គឺ "ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ សមាសភាគការនេសាទ (CAPFISH-Capture) ជាកម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ EU ថវិកា ៨៧ លានអឺរ៉ូ និងបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU នៅថ្ងៃទី០១/៧/២០១៩ សម្រាប់៥ឆ្នាំ (២០១៩-២០២៣) ។ សរុបថវិកាហិរញ្ញប្បទាន ដែលជាជំនួយឥតសំណងរបស់ EU សរុប ១២២លានអឺរ៉ូ សម្រាប់ ៦ឆ្នាំ (២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចឱ្យយបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន នៃធនធានជលផល ទឹកសាប និងសមុទ្រ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់កំណើន សេដ្ឋកិច្ចជាតិ។
 
        ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេកជូនចំពោះ EU ដែលបានផ្តល់ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភ គាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍន៍កម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា EU នឹងចូលរួមអភិវឌ្ឍកម្ពុជាជាបន្តទៀត៕

ចំនួនអ្នកចូលទស្សនា
Flag Counter