GIZ ផ្តួចផ្តើមឱ្យមានវេទិកាដំឡូងមីជាមួយភាគីពាក់ព័ន្ធជាលើកទី២ នៅខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ១៥ សីហា ២០១៩
827
នាព្រឹកថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ និងសហការី បានចូលរួមកិច្ចប្រជុំស្តីពីការបង្កើតវេទិកា នវានុវត្តន៍ដំណាំដំឡូងមី និងទិវាបង្ហាញគ្រឿងយន្តកសិកម្មសម្រាប់ការដាំដុះដំណាំដំឡូងមី នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការ GIZ-RED IV ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធដូចជា លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ប៉ៃលិន អង្គការ CAVAC អង្គការ JICA​ អង្គការ​ CIAT​ កងពលតូចថ្មើរជើងលេខ ៥១ ដោយមានអ្នកចូលរួមចំនួន ១៣០នាក់ ។ លោក ឆែម ប៊ុនថៃ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មបានបញ្ជាក់ថា កិច្ចពិភាក្សាចែកចេញជា ០២ផ្សេងគ្នា ពិភាក្សាគ្នាពេលព្រឹក និងទៅវាលនៅស្រុកព្រះនេត្រព្រះ នាពេលរសៀល ។ លោកបានបន្តថា ដំឡូងមីនៅខេត្តបន្ទាយមានជ័យមានជាង ១០ម៉ឺនហិកតា ដែលកាលពីឆ្នាំ ២០១៣ មានតែ ៥ម៉ឺនហិកតា ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ បានមានប្រសាសន៍ពីកម្ពស់ទឹកភ្លៀងដែលមានការថយចុះចាប់តាំងពីឆ្នាំ២០១៣មក និងការប្រឈមលើជំងឺដែលកើតមានលើដំណាំដំឡូងមី ដែលមានការនាំចូលដើមពូជពីប្រទេសជិតខាង ថៃ និងវៀតណាម ដែលអាចមានផលប៉ះពាល់សេដ្ឋកិច្ចដល់ប្រជាជនក្នុងខេត្ត ដែលមានការលំបាកក្នុងការបំពេញការងារជាមន្រ្តីដែលទទួលបន្ទុកអនាម័យ និងភូតគាមអនាម័យ លោក Torston Monteur បានមានប្រសាសន៍ថា គោលបំណង និងគោលដៅរបស់កម្មវិធីគឺ ចង់ចែករំលែក ការកែច្នៃ ការគិតបែបថ្មីៗ (នវានុវត្តន៍) ដើម្បីឈានទៅដល់និរន្តរភាព ការប្រកួតប្រជែង ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយជាចុងក្រោយ លោកសូមជូនពរអ្នកទាំងអស់គ្នាឱ្យទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យក្នុងការងារ ។ លោក ប្រាក់ ជាតិថូ បានលើកឡើងថា នេះជាលើកទី២ហើយដែលយើងបានជួបជុំគ្នា ហើយចង់ពិភាក្សាគ្នាថាតើយើងគួរធ្វើម៉េចដើម្បីដំណាំដំឡូងមី ដោយសារយើងមានផ្ទៃដីដាំដុះមានរហូតដល់ជាង ៦០ម៉ឺនហិកតាទូទាំងប្រទេស ។ បើតាមអ្នកជំនាញ បានបញ្ជាក់ថា ការដាំដំឡូងមីធ្វើឱ្យខូចដី ប្រសិនបើយើងមិនដាក់ជីទៅឱ្យដីវិញ អ្វីដែលសំខាន់គឺជីធម្មជាតិគឺល្អបំផុត ។ យើងគួរតែនាំគ្នាសិក្សាពីការដាក់ប្រព័ន្ធទឹក តាមរងដំឡូងមី សាក០១ហិកតាសិនទៅមើល ថាតើវាខាតឬចំណេញប៉ុន្មាន? មួយវិញទៀត ខាងកែលម្អដីនឹងចែករំលែកខ្លះៗពីដំណាំចង្រ្កងស្វាដែលអាចជួយកែលម្អដី និងទប់ស្កាត់ការហូរច្រោះដី បង្កើតជាតិអាសូត (N) ដល់ដី ។ គួរគិតពីទីផ្សារ កាលណាដំាំច្រើនពេក វានឹងចុះថោក ។ ជាងនេះទៀត លោកក៏សំណូមពរឱ្យអ្នកប្រមូលទិញដំឡូងមី និងកសិករដាំដំឡូងមី ចេះស្រឡាញ់គ្នា ដោយមិនអាចអត់មួយណាបាន ធ្វើល្អនឹងគ្នាទៅ ចៀសវាងភាពមិនស្មោះត្រង់ ។ លោក​ កង​ ផល្លា បានធ្វើបទបង្ហាញស្តីពី​ បច្ចុប្បន្ន​ភាព​នៃសកម្មភាពគាំទ្រផលិតកម្មដើមពូជដំឡូងមីស្អាត (QDPM) មានការទទួលពូជពី UBB គម្រោង​ SATTREPS នូវពូជ Rayong 9 និង KU 50​ សម្រាប់ពង្រីកពូជបន្ថែមទៀត​ដែ​លសរុបអាចមានដីជាង ២០ហិកតា មាន០២ទីតាំងគឺ ស្រុកបន្ទាយឆ្មារ និងស្រុកម៉ាឡៃ​។ ដោយឡែក​ នៅស្រុកអន្លង់វែង​ និងស្រុកត្រពាំង​ប្រាសាទ​ មានចម្ការបង្ហាញចំនួន ០៧ មានកសិករ ០៤នាក់។ តំណាង​នាយកដ្ឋានឧស្សាហកម្ម​នៃអគ្គនាយកដ្ឋានកសិកម្ម​ បានស្នើឲ្យគម្រោងងាកទៅគិតគូរបន្ថែមទៀតទៅការធ្វើអន្ទាក់​ Pheromones ចាប់រុយសវិញ កុំចាប់អារម្មណ៍​ទៅលើ​តែដើមពូជមួយមុខ ដោយចាប់ផ្តើមសម្អាតភេទញី (Sterile Female) តំណាងអង្គការ CIAT បានធ្វើបទបង្ហាញពីសកម្មភាពរបស់ខ្លួននៅតំបន់អាសុីអាគ្នេយ៍ បេសកកម្ម​ និង​គោល​បំណង​នៃគម្រោងដំឡូងមី។ លោក​ Torston Mentheur បានបង្ហាញពីការបង្កើតវេទិកា​នវានុវត្តន៍ដំណាំដំឡូងមី​ ដែល​មានគោលបំណង ធ្វើឱ្យផលិតកម្មដំឡូងមីមាននិរន្តរភាព​ និងប្រសើរឡើងនូវការប្រកួតប្រជែងនៅភាគពាយ័ព្យនៃកម្ពុជា​ ការរួមបញ្ចលគ្នាភាគីពាក់ព័ន្ធនានាដើម្បីធ្វើការជាមួយគ្នា​ ការចែករំលែកចំណេះដឹង និងចំណេះធ្វើរវាងភាគីពាក់ព័ន្ធនានា។ លោក​ ឡេង​ ភារ៉ា បង្ហាញពីតួនាទីរបស់ដី ដើម្បីបានដីកម្រាស់មួយស.ម ត្រូវការពេលប៉ុន្មានឆ្នាំ? ត្រូវការមួយពាន់ឆ្នាំ​ បីពាន់ឆ្នាំទើបធ្វើកសិកម្មបាន។ មួយវិញទៀត​ ការផ្លាស់ប្តូរពីដីព្រៃ មកដីកសិកម្ម ធ្វើឱ្យបាត់បង់សារធាតុសរីរាង្គរបស់ដី។ ដីជាមូលដ្ឋានគ្រិះសម្រាប់​អាហារ Ecosystem service។ល។ ការងារនេះគឺចង់ប្តូរពីការធ្វើកសិកម្មតាមទម្លាប់ទៅជាការធ្វើកសិកម្មអភិរក្ស។ ជា​លទ្ធផល​មានសិក្ខាកាមចំនួន​ ៣៣នាក់ មកពីស្ថាប័នចំនួន ០៨​អាចនឹងជួបជុំគ្នា​ ០៦ខែក្រោយបន្ទាប់ទៀត។ នារសៀលថ្ងៃដដែល សិក្ខាកាមបានចទស្សនកិច្ចគ្រឿងយន្តកសិកម្មមានដូចជា ម៉ាស៊ីន​ដាំដំឡូងមី សណ្តែក​ ស្រូវ​ ម៉ាសុីនដកដំឡូង​ ម៉ាសុីនពូនគល់ដំណាំ ម៉ាសុីនធ្វើជើងស្មៅនៅភូមិឫស្សី ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ៕
ចំនួនអ្នកចូលទស្សនា
Flag Counter