មន្រ្តី០២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខេត្តសៀមរាប
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
564
ថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ហ៊ាង ពិសិដ្ឋ អនុប្រធានការិយាល័យផែនការ-គណនេយ្យ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកិច្ចព្រមព្រៀងកសិកម្ម (AoA) និងកិច្ចព្រមព្រៀង SPS ក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញការនាំចេញផលិតផលកសិកម្ម នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ខេង បូរី ប្រធាននាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់ នៃក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងឱ្យសិក្ខាកាមមានការយល់ដឹងពីគោលនយោបាយ ក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ ក្នុងការនាំចេញ នាំចូល ត្រួតពិនិត្យ ការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្មដើម្បីធានាបាននូវសុខភាពសាធារណៈ ទប់ស្កាត់ជំងឺឆ្លង និងកត្តាចង្រៃមួយចំនួនប្រកបដោយស្តង់ដារ ដោយមានអ្នកចូលរួមចំនួន ៤៥នាក់ ស្រី០៥នាក់ ។ លោក បណ្ឌិត ព្រំ សុមានី បានមានប្រសាសន៍ថា ដំបូងឡើយកម្ពុជាយើងមានបញ្ហាបច្ចេកទេសកសិកម្ម តែប៉ុន្មានឆ្នាំចុងក្រោយនេះ បែរជាប្រឈមក្នុងការនាំចេញទៅវិញ ដោយផលិតផលកសិកម្មរបស់យើងពុំស្របតាមការចង់បានរបស់ប្រទេសដែលបញ្ជាទិញ ។ លោកបន្តថា ដើម្បីធ្វើពាណិជ្ជកម្មបាន វាទាល់តែយើងជាមន្រ្តីពាក់ព័ន្ធហ្នឹង យល់ដឹងពីច្បាប់ពាណិជ្ជកម្ម ដែលការនាំចេញខ្លះតម្រូវឱ្យមានលេខកូដ, វិញ្ញាបនបត្របញ្ជាក់ប្រភពដើម (C.O) ឬ អនាម័យ និងភូតគាមអនាម័យ (SPS) ។ លោកបានបន្តទៀតថា អ្វីដែលជាតម្រូវការទីផ្សាររបស់ប្រទេសបញ្ជាទិញ យើងត្រូវតែឈ្វេងយល់ជាចាំបាច់ ។ ដោយឡែក លោក ខេង បូរី បានធ្វើបទបង្ហាញស្តីពី តើកម្ពុជាកសាងសេដ្ឋកិច្ចតាមវិធីណា? និងបានបង្ហាញពីប្រវត្តិ និងកាលបរិច្ឆេទដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន និងជាសមាជិក WTO ដែលមកទល់ពេលនេះ មានចំនួន ១៦៤សមាជិក ។ បន្ថែមពីនេះ ជំហរបស់ WTO គឺមិនរើសអើង បើកទូលាយ អាចព្យាករណ៍ និងតម្លាភាព ផ្តល់នូវការប្រកួតប្រជែងដែលប្រកបដោយគុណធម៌ ឧទាហរណ៍ ការចៀសវាងការលក់បង្ខូចថ្លៃ (Dumping) ផ្តល់អត្ថប្រយោជន៍ និងការការពារបរិស្ថាន និងសុខភាពសាធារណៈ ហើយនាពេលខាងមុខនេះ កម្ពុជានឹងបង្កើតឱ្យមានកិច្ចព្រមព្រៀងអេឡិចត្រូនិកបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ។ បន្ទាប់មកទៀត ក៏មានការបង្ហាញពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និប្រទេសចិន និង លក្ខខណ្ឌមួយចំនួនដែលកម្ពុជាត្រូវធានានូវការទទួលបាន អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដែលក្នុងនោះរួមមានការគោរពសិទ្ធិមនុស្សផងដែរ ។ នាពេលរសៀល លោក នី វុទ្ធី តំណាងអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពី កាតព្វកិច្ច IPPC ធ្វើអ្វីខ្លះ? ហើយក្នុងនោះកម្ពុជាបានចូលរួមធ្វើអ្វីខ្លះ? ក្រោយមកទៀត លោកបានបង្ហាញពី នីតិវិធីនៃការចរចាបើកទីផ្សារ តាមរយៈការដាក់ពាក្យស្នើសុំនានា ។ ដោយឡែក នីតិវិធីត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ លើការនាំចេញ នាំចូល និងឆ្លងកាត់ ត្រូវគិតលើចំណុច ០៣សំខាន់ៗរួមមាន ១. ប្រភេទទំនិញដែលមិនជាប់កម្រិតកំណត់ ២. ប្រភេទទំនិញដែលជាប់កម្រិតកំណត់ ៣. ទំនិញដែលមានហានិភ័យខ្ពស់ ។ សូមបញ្ជាក់ថា អង្គការអន្តរជាតិធំៗចំនួន ០៣ដែលធ្វើការខ្លាំងក្លាលើ ស្តង់ដាររួមមាន៖ ១. CODEX ទាក់ទងនឹងសុខភាពមនុស្ស ២. IPPC ទាក់ទងនឹងសុខភាពដំណាំ និងរុក្ខជាតិ ៣. OIE ទាក់ទងនឹងសុខភាពសត្វ៕
ចំនួនអ្នកចូលទស្សនា
Flag Counter