មន្ទីរជំនាញចាប់ដៃក្រុមហ៊ុន Agribuddy ជាន់ដីឧត្តរមានជ័យជាលើកដំបូង ដើម្បីប្រមូលទិញ...
ចេញ​ផ្សាយ ១៦ កក្កដា ២០១៩
1,380

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ នាថ្ងៃចន្ទ ១៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំឱ្យមានការជួបគ្នាជាលើកទី៣ រវាងក្រុមកសិករផលិតស្រូវតាមកិច្ចសន្យាខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុន Agribuddy ដើម្បីឈានដល់ការសម្រេចបាននូវកិច្ចសន្យាទិញលក់មួយថ្មីទៀត សម្រាប់ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមជាង៤០នាក់ ។ ជាមួយគ្នានេះដែរ ក៏មានការជជែកគ្នារវាងក្រុមកសិករ និងក្រុមហ៊ុនលើការពិនិត្យគុណភាពស្រូវទាំងមុន និងអំឡុងពេលច្រូតកាត់រួច ដោយក្រុមកសិករព្រមឱ្យក្រុមហ៊ុនធ្វើការពិនិត្យ (ឆាំស្រូវចំនួន០៥ការុងក្នុងមួយឡាន) នៅពេលប្រមូលផលរួច ។ អ្វីដែលគួរកត់សម្គាល់ទៀតនោះគឺថា តម្លៃស្រូវត្រូវបានរក្សាដូចឆ្នាំ២០១៨ដដែល ពោលគឺ ស្រូវផ្ការំដួលលេខ១ មានតម្លៃ១,១២០រៀល លេខ២ មានតម្លៃ១,០៧០រៀល លេខ៣ មានតម្លៃ១,០២០រៀល ក្នុងមួយគីឡូក្រាម តែបានកំណត់ថាប្រមូលផលច្រូតកាត់រួចរាល់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នាឱកាសនោះដែរ លោក សូត្រ ស៊ីសុខឃាង មានសេចក្តីសោមនស្សរីករាយដោយបានរួមចំណែកទាក់ទាញវិស័យឯកជនឱ្យមកទិញស្រូវនៅខេត្តឧត្តរមានជ័យ ។ បើតាមការធ្លាប់បញ្ជាក់ពីលោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុន Agribuddy ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនមានបំណងចង់ទិញស្រូវក្រអូបពីខេត្តឧត្តរមានជ័យរហូតដល់ចំនួន ៥,០០០ (ប្រាំពាន់) តោនឯណោះ ប្រសិនបើសមត្ថភាពផលិតរបស់ក្រុមកសិករក្នុងខេត្តនេះអាចធ្វើទៅបាន ។ បន្ថែមពីនេះ លោក យ៉ង់ ប៉ាក់ ក៏បានធ្វើបទបង្ហាញពីការធានារ៉ាប់រងលើដំណាំស្រូវជូនដល់បងប្អូនប្រជាកសិករផងដែរ ក្នុងករណីមានគ្រោះធម្មជាតិដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ ដោយតម្លៃនេះការបង់ថ្លៃធានារ៉ាប់រងនោះគឺ ៣០ដុល្លារ ក្នុងមួយហិកតា ដែលអាចបញ្ជៀសការខាតបង់ទាំងស្រុងរបស់កសិករបានមួយកម្រិត បើករណីខាងលើនេះកើតមានឡើងមែន ។ មួយវិញទៀត លោក៏បានបង្ហើបថា ក្រុមហ៊ុនរបស់លោកអាចអនុញ្ញាតឱ្យសហគមន៍កសិកម្មអាចខ្ចីប្រាក់ពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុបានចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារ ក្នុងមួយសហគមន៍ ក្នុងការទិញកសិផលពីសមាជិករបស់ខ្លួន រួចលក់ឱ្យក្រុមហ៊ុនវិញ ។ សូមរំឭកថា កិច្ចការនេះត្រៀមជួបប្រជុំគ្នាម្តងទៀតមុនឈានដល់ការរៀបចំពិធីចុះហត្ថលេខារួមនៃការអនុវត្តផលិតកម្មតាមកិច្ចសន្យាលើដំណាំស្រូវ ឆ្នាំ២០១៩នេះ ហើយអាចមានវត្តមានថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យផងដែរ បើតាមការគ្រោងទុក ៕

ចំនួនអ្នកចូលទស្សនា
Flag Counter