អបអរសាទរ! តួអង្គថ្មីជួយសម្របសម្រួលផលិតកម្មស្រូវតាមកិច្ចសន្យានៅខេត្តឧត្តរមានជ័យ
ចេញ​ផ្សាយ ០៤ កក្កដា ២០១៩
931

លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ នារសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានសម្របសម្រួលកិច្ចប្រជុំពិភាក្សាជាមួយលោក រស់​ សុផារិទ្ធ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និងលោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុន Agribuddy និងក្រុមកសិករផលិតស្រូវតាមកិច្ចសន្យា ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការណែនាំគ្នានូវដៃគូសហការបន្ថែមថ្មី និងបង្ហាញជូនពីលំហូរការងារថ្មីដែលរៀបចំដោយ ក្រុមហ៊ុន Agribuddy ។ ជាមួយគ្នានោះដែរ លោក រស់ រស់​ សុផារិទ្ធ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ក៏បានបញ្ជាក់ថា តម្លៃស្រូវឆ្នាំ២០១៩ នៅរក្សាដូចឆ្នាំមុនដដែល ដោយហេតុថាលោកត្រូវពិភាក្សាជាមួយដៃគូក្រុមហ៊ុន Agribuddy ក្នុងការទូទាត់ថ្លៃសេវាកម្ម ខណៈដែលក្រុមកសិករស្នើសុំឱ្យមានការដំឡើងថ្លៃស្រូវចំនួន ៥០រៀល/គ.ក ពីតម្លៃស្រូវដែលមានឆ្នាំចាស់ពោលគឺត្រឹមតែ ១,១២០រៀលតែប៉ុណ្ណោះ ។ ចំពោះការស្នើសុំនេះ ត្រូវបានលោក រស់ សុផារិទ្ធ សន្យាថានឹងយកទៅពិភាក្សាគ្នាបន្ថែមទៀត  ហើយនឹងធ្វើការឆ្លើយតបវិញនាពេលខាងមុខ ។ លោកបានបន្តថា លោកមានការលំបាក និងខាតផងដោយសារមានបញ្ហាដាច់ភ្លើង ហើយសភាពអ៊ឺរ៉ុបមានការគិតពន្ធចំនួន ២០០ដុល្លារ ក្នុងស្រូវផ្ការំដួលមួយតោន ។ លោក ព្រាប សំអុល ក៏បានស្នើឱ្យលោក រស់ សុផារិទ្ធ លុបចោលនូវលក្ខខណ្ឌកំណត់ថ្ងៃប្រមូលស្រូវដំបូងមកទល់ថ្ងៃទី០៧ ខែវិច្ឆិកា ដែលត្រូវបានកំណត់កាលពីឆ្នាំទៅ ។ ភ្លាមនោះដែរ លោក រស់ សុផារិទ្ធ ក៏បានសន្យាថានឹងយកទៅពិភាក្សាគ្នាបន្ទាប់ទៀត ។ កសិករបានលើកឡើងថា បញ្ហាដែលបានកើតឡើងពីឆ្នាំមុន គឺបញ្ហារាំងស្ងួត និងរថយន្តដឹកជញ្ជូនមានសភាពយឺតយ៉ាវ ។ ជាលទ្ធផល​ អង្គប្រជុំសម្រេចថានឹងជួបគ្នាប្រជុំពេលក្រោយទៀត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដែលនឹងត្រូវជួបប្រជុំជាមួយសហគមន៍ផង ៕

 

 

            

ចំនួនអ្នកចូលទស្សនា
Flag Counter