ពេទ្យសត្វភូមិដ៏ល្បី លោក ខេង ឃាន់ ផ្លាស់ប្តូរការបង្កាត់ពូជគោ នៅស្រុកត្រពាំងប្រាសាទតាមរយៈបច្ចេកទេសបង្កាត់សិប្បនិម្មិត (AI)
ចេញ​ផ្សាយ ១៦ មិថុនា ២០១៩
2,170

លោក ខេង ឃាន់ អាយុ៤២ ឆ្នាំ ជាភ្នាក់ងារសុខភាពសត្វភូមិ នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានគេស្គាល់ថាជាពេទ្យសត្វភូមិដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកែប្រែពូជគោនៅស្រុកត្រពាំងប្រាសាទ តាមរយៈការបង្កាត់ពូជគោសិប្បនិម្មិត (Artificial Insemination) បន្ទាប់ពីគាត់បានទទួលការបណ្តុះបណ្តាលពីមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០១៤កន្លងទៅ គ្រាដែលអង្គការ KBA បណ្តុះបណ្តាលលើការបង្កាត់ពូជគោ រីឯអង្គការ iDE ផ្តោតលើការបណ្តុះបណ្តាលបង្កាត់ពូជជ្រូក និងការិយាល័យផលិតកម្ម និងបសុព្យាបាលបានសហការជាមួយគ្នាលើកិច្ចការនេះ ។

លោក ខេង ឃាន់ បានចាប់អាជីពជាភ្នាក់ងារសុខភាពសត្វភូមិ ឬពេទ្យសត្វភូមិនេះតាំងពីឆ្នាំ២០១៤ មកម៉្លេះ តែកាលនោះលោកពុំទាន់មានអាចដើរបង្កាត់ពូជគោសិប្បនិម្មិតបាននៅឡើយទេ ដោយអាចត្រឹមព្យាបាលសត្វគោ និងជ្រូកបានជាធម្មតា ។

លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលនេះ លោកបានដើរបង្កាត់ពូជគោសិប្បនិម្មិតនេះបានចំនួន ៩២ក្បាល រួចទៅហើយគិតត្រឹមថ្ងៃនេះ ហើយពូជគោដែលលោកយកធ្វើការបង្កាត់នោះគឺ ពូជក្រៅស្រុក CY 85,  KF31, ពូជប្រាម៉ាន់ពណ៌ស, ប្រាម៉ាន់ពណ៌ក្រហម និងឥណ្ឌូស៊ីមប្រា ។ ក្រៅពីការងារបង្កាត់ពូជគោនេះ លោកប្រកបរបរអ្វីចិញ្ចឹមជ្រូក បង្កាត់ពូជជ្រូក ពូជគោ និងព្យាបាលសត្វគោ មាន់ ទា ។

បើតាមការឱ្យដឹងពីលោក ផូ ម៉េងអ៊ី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានលើកឡើងថា ពូជដែលមានការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វយកមកធ្វើការបង្កាត់នោះមានចំនួន ០៣ពូជផ្សេងគ្នាគឺ ពូជប្រាម៉ាន់ពណ៌ស ប្រាម៉ាន់ពណ៌ក្រហម និងឥណ្ឌូស៊ីមប្រា ។ ដោយឡែកពូជពេញនិយមក្នុងការបង្កាត់នោះគឺពូជប្រាម៉ាន់ ដែលលក្ខណៈពិសេសរបស់វាគឺ ធន់នឹងអាកាសធាតុ ព្រោះនៅពេលដែលមេវាផើម កូនក្នុងពោះរបស់មេនោះ ចេះសង្រួមខ្លួនឱ្យតូច តែពេលកើតមកបានវារីកសាច់តាមក្រោយ ។

លោក ខេង ឃាន់ បានបន្តថា ការបង្កាត់ពូជគោសិប្បនិមិ្មតនេះអាចទទួលបានប្រាក់ចំណូលសមរម្យ ៥ទៅ៦ម៉ឺនរៀលក្នុងមួយក្បាល ក្នុងករណីគោរ​បស់សហគមន៍ខ្លួនឯង តែក្រៅសហគមន៍គឺមានចំនួន ៨ទៅ១០ម៉ឺនរៀល តាមចម្ងាយឆ្ងាយឬជិត ៕

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter