កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍អំពីការធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មនៅខេត្តឧត្តរមានជ័យ នាថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក សូត្រ ស៊ីខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងលោក ចាន់ បូរិន្ទ អធិការនៃអង្គការពុទ្ធិសាសនាដើម្បីអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមចំនួន ២០នាក់ ស្រី០៦នាក់ ។ ជាមួយគ្នានោះដែរ លោក ចាន់ បូរិន្ទ បានបញ្ជាក់ថា ព្រឹកនេះយើងប្រជុំផ្លាស់ប្តូរបទពិសោធន៍អំពីការធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់សហគមន៍ ហើយសហគមន៍ដែលមិនបានអញ្ជើញឱ្យចូលរួមនាឱកាសនេះ គឺមានន័យថាខ្វះលក្ខខណ្ឌចំនួន០៣ ក្នុងការចូលរួមហើយ ។ លោកបន្តថា សហគមន៍០៩ ដែលគាំទ្រដោយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មានតែចំនួន០២ ប៉ុណ្ណោះដែលមិនបានធ្វើមហាសន្និបាតអនុម័តលទ្ធផលឆ្នាំ២០១៨ ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ មានប្រសាសន៍ថា ថ្ងៃណាមួយត្រូវពង្រឹងយ៉ាងម៉េចដើម្បីឱ្យប្រសើរឡើងនាពេលអនាគត ស្របពេលដែលសហគមន៍ចំនួន ៣៩ក្នុងខេត្តឧត្តរមានជ័យ នៅមានកម្រិតនៅឡើយ ហើយនៅពុំទាន់អាចពង្រីកមុខរបរក្រៅពីកម្ចីឥណទានក្នុងសហគមន៍គ្នាឯង ។ លោកបានគូសបញ្ជាក់ពីបញ្ហាប្រឈមរបស់សហគមន៍នាពេលកន្លងមកដូចជា ១. រកស៊ីតែក្នុងសហគមន៍គ្នាឯង វិលពេញហ្នឹង បញ្ជីស្នាមហាក់គ្មានតម្លាភាព ២. ចំណេញ៥០,០០០រៀល ពេលចែកហ៊ុន ៣. ខ្វះប្រព័ន្ធព័ត៌មានទីផ្សារ ខណៈមានផ្ទៃដីច្រើន ៤. ការផលិតផលកសិកម្មដែលមិនអាចផ្តល់ផលទៀងទាត់ មិនអាចលក់បានថ្លៃទេ ៥. ក្នុងបញ្ហាប្រឈម គឺមានឱកាស ស្របពេលដែលខេត្តឧត្តរមានជ័យនាំបន្លែចូលមួយថ្ងៃ៥០០គ.ក ពីរាជធានីភ្នំពេញ ៦. សហគមន៍កសិកម្មគ្មានលុយ តែមានដីបង្កបង្កើនផល ។
ចំពោះឱកាសវិញ លោកបានបន្តថា ១. ដំណាំដំឡូងមី ត្រូវដាំលក់ទាំងមើម និងដើម ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច ២. សហគមន៍ត្រូវមានកន្លែងធ្វើបង្ហាញដំឡូងមី ដែលអាចស្វែងរកការគាំទ្រពីមន្ទីរជំនាញក្នុងការផ្តល់បច្ចេកទេសដាំដុះបាន ៣. សហគមន៍ត្រូវមានគំនិតថ្មីៗ ចែកក្រុមគ្នាសម្រាប់ផលិតពូជ និង ក្រុមផលិតមើម ។ ជាងនេះទៅទៀត លោកប្រធាន ក៏បានលើកពីបទពិសោធន៍រៀបចំក្រុមផលិតស្រូវតាមកិច្ចសន្យា ហើយបន្តថាបើចង់ធ្វើជាអ្នកមាន មិនអាចធ្វើលំៗបានទេ គឺត្រូវរួមគ្នាផលិតឱ្យខ្លាំង ។ ៥. ចំពោះសហគមន៍កសិកម្មណាមានទឹកគ្រប់គ្រាន់ បំផុសឡើងវិញ ចង់ឱ្យសហគមន៍មានដោយសារដាំដុះ ៦. ឈ្វេងយល់ពីបច្ចេកទេសដាំដុះ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ។ ៧. ទាក់ទងទៅនឹងបច្ចេកវិទ្យាកសិកម្ម លោកប្រធានចង់ឱ្យកសិករប្រើម៉ាស៊ីនដំាដំឡូងមីទៅ ឈប់ប្រើមនុស្សដាំ ៨. សំណូមពរឱ្យពិភាក្សាគ្នាទៅ ទោះធ្វើអ្វីក៏ដោយ ត្រូវតែវិភាគសេដ្ឋកិច្ច ខណៈដែលម្នាក់ៗមានទំហំដីធំណាស់ ៩. សហគមន៍ខ្លួនឯងត្រូវកំណត់ផ្ទៃដីសហគមន៍ឱ្យច្បាស់ ថាមានផ្ទៃដីដំណាំស្រូវ ដំណាំដំឡូងមី និងសម្រាប់ចិញ្ចឹមគោ ជ្រូក មាន់ ទាប៉ុន្មានហិកតាឱ្យច្បាស់? ១០. ជាចុងក្រោយ លោកប្រធានក៏បានស្នើឱ្យសហគមន៍កសិកម្មកំណត់ផែនការឱ្យបានច្បាស់ ក្នុងករណីត្រូវការគាំទ្រជំនួយបច្ចេកទេស ការសម្របសម្រួលណាមួយដែលមានលទ្ធភាពជួយបាន ៕