លោក អេត វណ្ណនី ប្រធានការិយាល័យផែនការ-គណនេយ្យ និងសហការី នាថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅសាលប្រជុំនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរយៈពេលពេលពីរថ្ងៃ គឺ២៩-៣០ ខែឧសភា ២០១៩ ដែលមានអ្នកចូលរួម ចំនួន៦៥នាក់ ស្រី២៣នាក់ ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការនៃកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមតិស្វាគមន៍ និងលើកពីអនុសាសន៍របស់រដ្ឋមន្ត្រីមួយចំនួនទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដូចជា ផ្សព្វផ្សាយ និងបិទផ្សាយពីទ្រព្យសម្បត្តិរដ្ឋជំរុញការត្រួត្យពិនិត្យទ្រព្យសម្បត្តិរដ្ឋ រៀបចំឆ្នាំគោលទ្រព្យរដ្ឋឱ្យបានត្រឹមត្រូវ ជំរុញការចុះបញ្ជីអចលនទ្រព្យ និងជំរុញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋអោយមានប្រសិទ្ធភាព ។ នាឱកាសនោះដែរ ក៏មានការបង្ហាញពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របៀបកត់ត្រាបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងដីធ្លី និងអគារ, តារាងសម្ភារបរិក្ខារបច្ចេកទេសឧស្សាហកម្ម, តារាងយានយន្ត និងគ្រឿងចក្រ និងតារាងសម្ភារ និងសង្ហារឹម ) របៀបកត់ត្រាតារាងប្រៀបធៀបទ្រព្យកើនឡើង និងថយចុះតាមឆ្នាំនីមួយៗ ។ ជាលទ្ធផល សិក្ខាកាមក៏បានយល់ដឹងពីអនុក្រឹត្យ ៦៦ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ យល់ដឹងពីការកត់ត្រាបញ្ជីសារពើភ័ណ្ឌ ជាពិសេសការកត់ត្រាលម្អិតពីឆ្នាំគោល ការកត់ត្រាតារាងប្រៀបធៀបទ្រព្យកើនឡើង និងថយចុះ យល់ដឹងពីការកំណត់ស្ថានភាពរបស់ទ្រព្យ យល់ដឹងពីការកែតម្រូវទម្រង់ការកត់ត្រាទ្រព្យសម្បត្តិរដ្ឋ ៕