មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក មាន ម៉ិក កាលពីថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានចុះបណ្តុះបណ្តាល និងអនុវត្តផ្ទាល់លើការរៀបចំថ្នាលសំណាបសម្រាប់ផលិតកម្មដំណាំស្រូវ នៅភូមិភ្លុងថ្មី សង្កាត់បុស្បូវ ក្រុងសំរោង ដោយមានការសហការជាមួយក្រុមការងាមន្ត្រីមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ហើយមានកសិករចូលរួមសរុបចំនួន២០នាក់ ស្ត្រី១៣នាក់ ដែលមានសកម្មភាពដូចជា ដំណើរការសម្អាតគ្រាប់ពូជស្រូវ និងត្រូវការវត្ថុធាតុដើមមានដូចជា គ្រាប់ពូជស្រូវចំនួន០៥គីឡូក្រាម ទឹកធម្មតា២០លីត្រ អំបិលគ្រួសចំនួន០២គីឡូក្រាម និងស៊ុត០១គ្រាប់
វិធីធ្វើ
-ថ្លឹងគ្រាប់ស្រូវពូជឱ្យបានគ្រប់ចំនួន រួចធ្វើការលាយល្បាយសូលុយស្យុងទឹកអំបិល រួចដាក់ស៊ុតចូល បើក្នុងករណីគ្រាប់ស៊ុតមិនទាន់អណ្តែតផុសឡើងលើទេ យើងត្រូវបន្ថែមបរិមាណអំបិលថែមទៀត រហូតទាល់តែឃើញ គ្រាប់ស៊ុតផុសអណ្តែតឡើងលើ ទើបយើងអាចចាក់គ្រាប់ស្រូវចូល ដើម្បីធ្វើការលាងសម្អាតគ្រាប់ពូជ ការធ្វើបែបនេះគឺដើម្បីដឹងថា គ្រាប់ស្រូវមួយចំនួនដែលមិនពេញលេញល្អ គឺអណ្តែតឡើងមកលើខាងលើអស់ ហើយចំណែកគ្រាប់ស្រូវដែលពេញល្អគឺធ្លាក់ទៅផ្នែកខាងក្រោម នៅពេលនោះយើងទទួលបាននូវគ្រាប់ពូជដែលមានទម្ងន់ស្មើគ្នា និងទំហំប៉ុនៗគ្នា ។
ការរៀបចំថ្នាលសំណាប
-ភ្ជួរបំផុសដី និងរាសបំបែកឱ្យបានរាបស្មើល្អ
-ភ្ជួរលើកជារង ឬអាចប្រើជាបេការុងធ្វើជាសំណាបដាប៉ុកក៏បាន អាស្រ័យលើលទ្ធភាពដែលមាន
-ធ្វើការសម្អាតស្មៅនៅលើរងដែលបានលើករួច
-រោយលាមកសត្វ និងកាប់ជ្រោយច្របល់ឱ្យសព្វល្អ
-រួចរោយគ្រាប់ស្រូវស្តើងៗនៅលើរង ( ក្នុង១ម៉ែត្រការ៉េ ប្រើគ្រាប់ស្រូវអស់១ខាំ )
-រួចរោយល្បាយដី និងលាមកសត្វលុបពីលើគ្រាប់ស្រូវ
-ធ្វើការស្រោចទឹកឱ្យបានជោគល្អ
-ធ្វើការគ្របដោយស្បៃមុង ស្បូវ ឬស្លឹកដូង
លទ្ធផលសម្រេចបាន
-កសិករមានការយល់ដឹងច្បាស់លើដំណើរការសម្អាតគ្រាប់ពូជ តាមរយៈការចុះអនុវត្តផ្ទាល់ៗ នៅទីវាល
-កសិករយល់ដឹងពីដំណើការ និងជំហាននីមួយៗ នៃការៀបចំថ្នាលសំណាប
-ក្នុងការចុះអនុវត្តផ្ទាល់លើការរៀបចំថ្នាលសំណាបនេះ គឺសម្រេចបានជាលទ្ធផល ប្រើពូជស្រូវ អស់ចំនួន០៥គីឡូក្រាម និងបានរងសំណាបចំនួន០៨រង (០,៨មx១៥ម) ៕