លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ ដឹកនាំកិច្ចប្រជុំរៀបចំកំណត់មុខងារមន្រ្តី
ចេញ​ផ្សាយ ០៨ ឧសភា ២០១៩
397

ថ្ងៃអង្គារ ៤ កើត ខែពិសាខ ឆ្នាំកុរ  ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំកំណត់មុខងារមន្រ្តី ក្នុងគោលបំណង ទីមួយ កំណត់មុខងារមន្រ្តី និងរចនាសម្ព័ន្ធ ទីពីរ ការរៀបចំផែនការត្រីមាសទី២ និងទីបី ការរៀបចំផែនការស្នើសុំថវិការដ្ឋដើម្បីអនុវត្តគម្រោង ដោយមានមន្រ្តីចូលរួមចំនួន ៣៧នាក់ ស្រី០៦នាក់ ។ លោកប្រធានមន្ទីរបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថាដើម្បីឱ្យមានការទទួលខុសត្រូវ  និងងាយស្រួលធ្វើការតាមដាន និងស្នើឱ្យធ្វើបច្ចុប្បន្នភាពមុខងារជាក់ស្តែងនូវអ្វីដែលមន្ទីរមានលទ្ធភាព ។ ជាងនេះទៀតសោត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការសរុបរបាយការណ៍ប្រចាំខែថាធ្វើបានសម្រេចអ្វីខ្លះ បើធៀបជាមួយនឹងផែនការសកម្មភាព ។ ផ្ទុយទៅវិញ បើគ្មានផែនការច្បាស់លាស់ របាយការណ៍ក៏នឹងពិបាកសរសេរដែរ ។ យ៉ាងណាមិញ លោកប្រធានបានលើកឡើងថា ការបែងចែកមុខនេះនេះ ធ្វើយ៉ាងណាឱ្យមានសមភាព តម្លាភាពរវាងប្រធាន និងមន្រ្តី ហើយរវាងមន្រ្តី និងមន្រ្តីផ្សេងទៀត ដោយចៀសវាងការមានសតិអារម្មណ៍ ។

លោក សូត្រ ស៊ីសុខឃាង បានបន្តថា សម្រាប់ផែនការការងារត្រីមាសទី២  នេះគឺវាអាស្រ័យទៅនឹងការរៀបចំមុខងារឱ្យបានច្បាស់លាស់ទើបមានភាពងាយស្រួល ។ មួយវិញទៀត នៅពេលសរុបរបាយការណ៍ប្រចាំខែ គួរកុំសរសេរច្រើនពេករហូតដល់ ៤ទៅ៥សន្លឹក ហើយមន្រ្តីត្រូវអនុលោមនូវអ្វីដែលបានបែងចែក និងមានការផ្ទៀងផ្ទាត់របាយការណ៍ និងផែនការទាំងប្រចាំខែ និងប្រចាំត្រីមាស ។ ជាមួយគ្នានោះដែរ លោកប្រធានបានស្នើឱ្យការិយាល័យជំនាញរៀបចំផែនការស្នើសុំថវិការដ្ឋ ដោយលើកជាគម្រោងនានាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលទ្ធភាពរ​បស់មន្ទីរ ។ ឆ្លៀតពីកិច្ចប្រជុំបានចប់សព្វគ្រប់ លោកប្រធាន និងសហការីក៏បានបន្តដំណើរចុះត្រួតពិនិត្យការងារនៅស្ថានីយកសិកម្មកូនក្រៀលបន្ថែមទៀត ៕

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter