ចេញផ្សាយ ០៣ ឧសភា ២០១៩
364
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោក បុិត ឆោមនិងលោក ហ៑ាង ពិសិដ្ឋ មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលាស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២ នៅសណ្ឋាគារ កំពត ឌីយ៉ាម៉ង់ ខេត្តកំពត ក្រោមអធិបតីភាពលោក ម៉ក់ មុនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ ក្នុងគោលបំណងណែនាំពីនីតិវិធី និងតម្រង់ទិសលើការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឲ្យឆ្លើយតបទៅនឹងអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសមត្ថភាពអង្គភាពថវិកាទាំងកណ្តាល និងរាជធានីខេត្ត ក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយមានអ្នកចូលរួមប្រមាណ៧០នាក់ ស្រី១០នាក់។
លោក ម៉ក់ មុនី បានលើកឡើងថា ការរៀបចំផែនការនេះត្រូវឆ្លុះពីគោលបំណង និងគោលនយោបាយរបស់ក្រសួងនាអាណត្តិទី៥នេះ និងផ្តល់ធាតុចូលទៅឲ្យនាយកដ្ឋានផែនការ និងស្ថិតិ ដែលទាក់ទងនឹងកម្មវិធីទាំង០៥របស់ក្រសួង ដោយក្នុងនោះមានការកែសម្រួលឈ្មោះកម្មវិធីផងដែរ។ ជាកិច្ចបន្ត លោក ម៉ក់មុនី បានបង្ហាញពីការរួមចំណែករបស់វិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិ និងការរួមចំណែករបស់អនុវិស័យក្នុងវិស័យកសិកម្ម។ លោកបន្តថា ផែនការ៥ឆ្នាំរបស់ក្រសួងបានកំណត់ដល់ឆ្នាំ២០២៣រួចហើយ ចុះមន្ទីរវិញអាចធ្វើបែបណាវិញក្នុងការកំណត់សូចនាករ? ជាមួយគ្នានោះដែរ លោកស្នើឲ្យមន្ទីរជំនាញផ្តល់ផែនការយុទ្ធសាស្រ្តថវិកានោះមកនាយកដ្ឋានត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីក្រុមការងារមានពេលគ្រប់គ្រាន់ក្នុងការបូកសរុបឲ្យបានទាន់ពេលវេលា៕