អង្គការ​ GIZ​ រៀបចំការពិភាក្សាពីការជ្រើសរើសដាំដំណាំដំឡូងមីស្អាត
ចេញ​ផ្សាយ ៣០ មេសា ២០១៩
1,693
ទិវាចម្ការ​អំពី​ផលិតកម្ម​ពូជ​ដំឡូងមី​ស្អាត​ (QDPM) និង វេទិកាពហុភាគី​អ្នកពាក់ព័ន្ធ ស្តីពីការលើកស្ទួយខ្សែច្រវាក់ផលិតកម្មដំឡូងមីនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា​ ដែលបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១១ រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩​ លោក​ ឈឿន​ ពន្លឺ​ ​អនុប្រធានមន្ទីរ និងសហការី បានចូលរួម​ក្រោមអធិបតីភាពលោក ប្រាក់​ ជាតិថូ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋាន​កសិកម្ម​ និងលោក​ រុន​ ​សុផាន់ណារ៉ា អនុប្រធានមន្ទីរ​ ស្ថិតនៅ​ភូមិធ្លក​ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក​ ខេត្ត​បន្ទាយ​មានជ័យ​ ដោយមានអ្នកចូលរួមមកពី ថ្នាក់​ដឹកនាំមន្ទីរកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ ព្រះវិហារ​ បាត់ដំបង​ កំពង់ធំ​ អង្គការដៃគូ​ វិស័យឯកជន​ ម្ចាស់ជំនួយ JICA និង UNDP កសិករ​ មន្រ្តី​ដៃគូថ្នាក់ស្រុក អាជ្ញាធរ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក​ សរុបចំនួន​១១៥នាក់​ ស្រី​២១នាក់។ គោលបំណង​នៃកម្មវិធី​នេះគឺ​ ដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍នៃសកម្មភាពផលិតពូជដំឡូងមីស្អាត (QDPM) និង ការប្រៀបធៀបការប្រើប្រាស់ជីក្នុងផលិតកម្មដំឡូងមី​ និងដើម្បីវាយតម្លៃចំណាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាណែនាំនវានុវត្តន៍បន្ថែមទៀត ការលើកស្ទួយខ្សែច្រវាក់ផលិតកម្មដំឡូងមីនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ នាឱកាសនោះដែរលោក​ រុន​ សុផាន់ណារ៉ា អនុប្រធាន​មន្ទីរ​ បានធ្វើបទបង្ហាញស្តីពី​ទិដ្ឋភាពទូទៅនៃវិស័យដំឡូងមីនៅខេត្តបន្ទាយមានជ័យ​ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៥-២០១៩ ដោយស្រុកថ្មពួកនៅស្ថិតនៅលំដាប់លេខមួយលើវិស័យនេះមានរយៈពេល៤ទៅ៥ឆ្នាំហើយ។ លោក​ តូស្តុន ម៉ុនធើ ប្រធានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅ​ និងការងារតាមផ្នែកនីមួយៗនៃកម្មវិធីជូនអង្គពិធី​ទាំងមូល។ ជាមួយគ្នានោះលោក​ កង​ ផល្លា​ ទីប្រឹក្សា​កម្មវិធី​ បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅក្នុងការគាំទ្រផលិតកម្មដើមពូជដំឡូងមីស្អាតរបស់​ RED​-IV​ ដោយឡែកលោកស្រី​ មួន​ អាំ​ កសិករដាំដំឡូងមីបង្ហាញជាលក្ខណៈគ្រួសារចាប់ពីឆ្នាំ២០១២-២០១៦ តែបរាជ័យ។ ក្រោយមក​ កម្មវិធី​ RED​ និង​ PDAFF-BMC​ បានចុះបង្រៀនពីបច្ចេកទេស​ដាំដំណាំដំឡូងមី​ លោកស្រីក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ និងមានការចែករំលែកបទពិសោធន៍នៃការដាំដំណាំដំឡូងមីតាមលក្ខណៈបច្ចេកទេសជូនអង្គពិធី ក្រុមការងារបានបែងចែកក្រុមពិភាក្សាជា ០២​ក្រុម​ ក្នុងដំណើរទស្សនកិច្ចចម្ការបង្ហាញដំណាំដំឡូងមី​ពូជឈ្មោះ រួចជំពាក់,​ ​R7, KU50 និងមានការប្រើប្រាស់ជីផ្សេងៗគ្នាគឺក្រុមហ៑ុនបាយ័ន ហេរីដថេក និងក្រុមហ៑ុនសញ្ញាក្បាលក្របី​ ឯកិច្ចពិគ្រោះយោបល់នឹងលើកយកទៅជជែកគ្នានាពេលរសៀលបន្ថែមទៀត៕
ចំនួនអ្នកចូលទស្សនា
Flag Counter