លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ ចុះពិនិត្យស្ថានភាពនៅស្ថានីយកសិកម្មកូនក្រៀល ដើម្បីរៀបចំឱ្យក្លាយទៅជា
ចេញ​ផ្សាយ ២៣ មេសា ២០១៩
708

នាព្រឹកថ្ងៃអង្គារ ៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ និងសហការី ចុះពិនិត្យការងារនៅស្ថានីយកសិកម្មកូនក្រៀល ដោយបានពិនិត្យទីតាំងដើម្បីគ្រោងរៀបចំចិញ្ចឹមទាយកពង ដំណាំដូងក្រអូប ស្វាយចន្ទី បន្លែក្នុងផ្ទះប្លាសិ្ទក និងកូនឈើព្រៃនៅក្នុងបរិវេណស្ថានីយផ្ទាល់តែម្តង ។ ជាអនុសាសន៍ លោកប្រធានបានស្នើឱ្យក្រុមការងារពិចារណាឱ្យបានល្អិតល្អន់ក្នុងការរៀបចំចិញ្ចឹមទាយកពង រួមទាំងការទិញពូជចូល ការរៀបចំផ្តល់ចំណី ការថែទាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ។ សូមបញ្ជាក់ថា ដំណាំបន្លែក្នុងផ្ទះប្លាស្ទិក ត្រូវបានពង្រីកបន្ថែម និងមានរួមផ្សំទៅដោយការចិញ្ចឹមគោ មាន់ ជាហូរហែរបន្ថែមទៀត ។ ជារឿយៗគេសង្កេតឃើញថា លោក សូត្រ ស៊ីសុខឃាង តែងតែផ្តួចផ្តើម និងដឹកនាំសហការីចុះអនុវត្តការងារនៅស្ថានីយកសិកម្មកូនក្រៀល ដែលមានទំហំជាង ១៦៧ហិកតា តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានដូចជាប្រឡាយទឹក រៀបចំបង្ការការពារមុខភ្លើងនាខែប្រាំង  ការសាងសង់អាងស្តុកទឹកអាកាស ការជីកស្រះ ការរៀបចំទំនប់ទឹកសម្រាប់ទប់ទឹកប្រើប្រាស់ខែប្រាំង ផ្ទះប្លាស្ទិកសម្រាប់ដំណាំបន្លែសុវត្ថិភាព ការរៀបចំឱ្យមានការចិញ្ចឹមមាន់ គោ ការរៀបចំតប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំដូង និងឈើហូបផ្លែមួយចំនួនទៀត និងការផលិតកម្មដំណាំស្រូវផងដែរ  ។ ក្រៅពីផ្ទៃដីដែលនៅសេសសល់ទាំងនោះ នៅមានដីព្រៃទុកជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាជម្រកសត្វព្រៃ ដែលអាចនឹងក្លាយទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនាពេលអនាគត ដែលសម្រាប់បម្រើឱ្យផលប្រយោជន៍រួមរបស់អង្គភាពប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ  ដោយចង់ប្រែក្លាយស្ថានីយកសិកម្មមួយនេះទៅជាទីតាំងមួយដែលមានសក្តានុពល តាមរយៈបង្កើនផលិតភាពកសិកម្ម និងមានប្រពលវប្បកម្មលើអនុវិស័យពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យតែម្តង  ហើយក៏អាចក្លាយទៅជាកន្លែងមួយដែលអាចធ្វើបង្ហាញនូវបច្ចេកទេសល្អៗ និងចែករំលែកដល់កសិករដើម្បីយកទៅអនុវត្តតាមការគួរ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter