គម្រោង CHAIN សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ជជែកគ្នាករណីតបាតុភូត អែល នីណូ (El-NiNo)
ចេញ​ផ្សាយ ២៩ មីនា ២០១៩
257

មន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ  ខេត្តឧត្តរមានជ័យ នាថ្ងៃអង្គារ ៦ រោច ខែផល្គុន ឆ្នាំច  សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរៀបចំកិច្ខសន្ទនាថ្នាក់ខេត្តស្តីពី ការឆ្លើយតបនឹងឥទ្ធិពលបាតុភូត  អែល នីណូ (El-Nino) ក្រោមអធិបតីភាពឯកឧត្តម ប៉ែន  កុ សល្យ  អភិបាល  នៃ គណៈ អភិបាល ខេត្ត ឧត្តរ មានជ័យ  ដោយមានអ្នកចួលរួមចំនួន ៨៦នាក់ ស្រី១៥នាក់ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីការឡើងកម្តៅ និង ការអូសបន្លាយរដូវប្រាំង ដោយឥទ្ធិពលបាតុភូត El-Nino  នៅពេលខាងមុខនេះ  តើមានផលប៉ះពាល់អ្វីខ្លះដល់វិស័យកសិកម្ម? ឈ្វេងយល់ និងទទួលយកនូវដំណោះស្រាយ ឬកាត់បន្ថយហានិភ័យឱ្យបានតិចបំផុត  យល់ស្របក្នុងការណែនាំលើសកម្មភាពទាំងឡាយណាដែលកាត់បន្ថយហានិភ័យ ដែលបង្កដោយសារឥទ្ធិពលនៃបាតុភូត  El-Nino   (ភាពរាំងស្ងួត, ការកើនឡើងកម្តៅ, ខ្យល់កន្រ្ទាក់) យល់ស្របលើសកម្មភាព ដែលត្រូវធ្វើជាមួយដៃគូពាក់ព័ន្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលបង្កដោយសារឥទ្ធិពលនៃបាតុភូត  El-Nino ក្នុងវិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ ។

លោក លឹម សុគុណដារុណ អនុប្រធានគម្រោង CHAIN បានមានមតិស្វាគមន៍ និងលើកឡើងពីសាវតាគម្រោងជូនអង្គពិធី ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍ (SDC) ដែលក្នុងនោះស្វីសបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាលើ ០៥វិស័យផ្សេងគ្នារួមមាន៖ ១. ជួយលើការដោះមីន ២.​ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ៣.​ ជួយលើវិស័យកសិកម្ម តាមរយៈគម្រោង CHAIN ដោយផ្តោតលើដំណាំបន្លែសុវត្ថិភាព និងការផ្សាភ្ជាប់ទីផ្សារ ៤. ជួយលើការងារគ្រប់គ្រងទឹក តាមរយៈគម្រោង DRAW នៃអង្គការ Action Aid និង ៥. ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ បានលើកឡើងថាដោយមានការឧបត្ថម្ភ និងគាំទ្រពីគម្រោង CHAIN បានរៀបចំកិច្ចពិភាក្សាស្តីពីឥទ្ធិពល អែល នីណូ (El-Nino) មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីការឡើងកម្តៅ និង​ការអូសបន្លាយរដូវប្រាំងដោយឥទ្ធិពលបាតុភូត El-Nino ​ នៅពេលខាងមុខនេះ ។​ តើមានផលប៉ះពាល់អ្វីខ្លះដល់វិស័យកសិកម្ម? ស្វែងយល់ និងទទួលយកនូវដំណោះស្រាយ ឬកាត់បន្ថយហានិភ័យឱ្យបានតិចបំផុត យល់ស្របក្នុងការណែនាំលើសកម្មភាពទាំងឡាយណាដែលកាត់បន្ថយហានិភ័យ ដែលបង្កដោយសារឥទ្ធិពលនៃបាតុភូត​ El-Nino ​​ (ភាពរាំងស្ងួត, ការកើនឡើងកម្តៅ ខ្យល់កន្រ្តាក់) យល់ស្របលើសកម្មភាព ដែលត្រូវធ្វើជាមួយដៃគូពាក់ព័ន្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលបង្កដោយសារឥទ្ធិពលនៃបាតុភូត​ El-Nino ​ ក្នុងវិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ ។

បើទោះបីជាមានបាតុភូតខាងលើនេះក្តី ក៏យើងសង្កេតឃើញថា វាជាឱកាសមួយសម្រាប់កសិករដែលមានលទ្ធភាព និងក្តាប់ឱកាសទីផ្សារក្នុងការផលិតបន្លែ ខណៈកសិករផ្សេងទៀតមិនអាចផលិតបានដោយសារការខ្វះទឹក ហើយកត្តាចង្រៃមួយចំនួនរួមមានជំងឺ និងសត្វល្អិតត្រូវបានកាត់បន្ថយ ស្របពេលដែលអាកាសធាតុក្តៅខ្លាំង ។ ផ្ទុយមកវិញ យើងក៏ទទួលស្គាល់ថា ការផ្លាស់ប្តូរអាកាសធាតុក៏បានធ្វើឱ្យដំណាំបន្លែមួយចំនួនត្រូវជួបហានិភ័យ ដោយទទួលរងការខូចខាតដែលពុំអាចបំពេញតម្រូវការទីផ្សារបានទាន់ពេលវេលា និងគ្រប់ចំនួនក្តី ។

ម្យ៉ាងវិញទៀត វាក៏មេរៀនថ្មីមួយដែរសម្រាប់កសិករដែលចាំបាច់ត្រូវតែបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលនេះ ដោយចាំបាច់ត្រូវតាមដានព័ត៌មានចាំបាច់នានា ដែលពាក់ព័ន្ធនឹងផលិតកម្មកសិកម្ម ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៃពូជដំណាំដែលអាចសន្សំសំចៃទឹក មានលទ្ធភាពបន្ស៊ាំទៅនឹងភាពរាំងស្ងួត ទឹកជំនន់ ការកើនកម្តៅ និងការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ ដែលបណ្តាលមកពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលនៃបាតុភូតធម្មជាតិ El-Nino ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គម្រោង CHAIN ក៏ដូចជាជំនួយរបស់ប្រទេសស្វីស ដែលតែងតែជួយដល់កម្ពុជាតាំងពីដើមមក ។ ហើយអ្វីដែលជា El-Nino នោះ សូមបងប្អូនពូមីង គួរយកចិត្តទុកដាក់ស្តាប់ និងលើកជាសំណួរក្នុងកិច្ចពិភាក្សា ដើម្បីរកវិធានការបញ្ជៀសរួមគ្នា ។ លើសពីនេះទៀត ឯកឧត្តម បានស្នើដល់មន្រ្តីអនុវត្តគម្រោងកុំទាន់ដាំបន្លែអី ចាំរយៈពេល ២ខែទៀតសិន ដោយហេតុថា យើងកំពុងតែមានការខ្វះខាតទឹក និងបានលើកជាសំណួរថា ក្រុមបន្លែដែលជោគជ័យនោះនៅទីណា? ដាំបន្លែអ្វីខ្លះ? មានប៉ុន្មាននាក់?

លោក ប៊ុន សាប៊ន ទីប្រឹក្សាគម្រោង CHAIN នៃអង្គការ SNV បានធ្វើបទបង្ហាញ បាតុភូត អែល នីណូ (El-Nino) ធ្លាប់កើតមានតាំងពីឆ្នាំ១៩៥១ នៅតំបន់អេក្វាទ័រ ដោយកើតឡើងពីខ្យល់អាមេរិកខាងត្បូងដល់ឥណ្ឌូណេស៊ីមានកម្លាំងខ្សោយ បណ្តាលឱ្យទឹកសមុទ្ទរុញឡើងលើ ដែលកាលនោះត្រូវបានគេសិក្សាថាផែនដីមានការឡើងកម្តៅរហូតដល់ 0.02 អង្សាសេ ។ ជាមួយគ្នានោះដែរ នៅអំឡុងឆ្នាំ ១៩៩៧-១៩៩៨ ប្រទេសកម្ពុជាយើងធ្លាប់បានជួបប្រទះអសន្តិសុខស្បៀង ពោលគឺមានការខ្វះខាតអង្ករផងដែរ ។

លោក យឹម ទិត្យ មន្រ្តីជាន់ខ្ពស់គម្រោង Draw ប្រទេសកម្ពុជាយើងជាប្រទេសងាយរងគ្រោះខ្លាំងបំផុត កាលពីឆ្នាំ១៩៩០ នៅប្រទេសកម្ពុជាយើងអាចដកទឹកយកមកប្រើ ៧៨លានម៉ែត្រគូប ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០២០ យើងអាចដកទឹកយកមកប្រើ ១៨៧លានម៉ែត្រគូប ។ ទឹកក្រោមដី ចាំបាច់ត្រូវតែមានការគ្រប់គ្រងឱ្យ បានច្បាស់លាស់ ។ គ្រោះរាំងស្ងួត ជាកម្រិតទឹកនៅតំបន់ណាមួយដែលទាបជាងធម្មតា និងចែកចេញជា ៤ រួមមាន៖ ១. ឧតុនិយម (Meteorological) ២. គ្រោះរាំងស្ងួតកសិកម្ម ៣. គ្រោះរាំងស្ងួតជលសាស្រ្ត ៤. គ្រោះរាំងស្ងួតសង្គម និងសេដ្ឋកិច្ច ។ តម្រូវឱ្យមានការពិភាក្សាគ្នាពីការប្រើប្រាស់ទឹក តើបណ្តោយឱ្យឧស្សាហកម្មបូមយកអស់ ដោយទុកឱ្យប្រជាជនខ្វះទឹកឬយ៉ាងណា? ចង់ឱ្យមានការគ្រប់គ្រងច្បាស់លាស់ ដោយសារតែពេលនេះយើងកំពុងតែមានអាសន្ន ?

លោក ប៊ុន សាប៊ន បានធ្វើបទបង្ហាញពីអនុសាសន៍សំខាន់ៗក្នុងការគ្រប់គ្រងដំណាំ ដោយដាំដំណាំក្រោមសំណាញ់ ឬដើមឈើនៅក្បែរផ្ទះ ឬតគល់ត្រប់ជាមួយប៉េងប៉ោះដើម្បីបង្កើនភាពធន់ និងទប់ទល់នឹងជំងឺ ។ សំណាញ់នោះមានច្រើនប្រភេទណាស់ ដោយមានប្រភេទកាត់បន្ថយកម្តៅ៤០ទៅ៦០ភាគរយ ហើយពណ៌អ្វី? ការគ្រប់គល់ដំណាំដោយចំបើង ស្មៅ ឬរុក្ខជាតិផ្សេងៗ ឬដំាំដំណាំយកស្លឹក ដោយប្រើពេលតែ២៥ថ្ងៃអាចប្រមូលផលបាន គួររក្សារុក្ខជាតិក្នុងស្រះដូចជា ត្រកួន ព្រលិត រំចង់ ។ ប្រសិនបើការរៀបចំដីបានល្អ រំហួតទឹកក៏តិចដែរ ។ មួយវិញទៀត បង្កើនការគ្រប់គ្រងជំងឺ សត្វល្អិតចង្រៃ និងពន្លឺព្រះអាទិត្យ ដូចជាចៃវាកើតកូនញឹក ។

ក្រោយមកលោក ប៊ុន សាប៊ន បានដើរតួជាអ្នកសម្របសម្រួលក្នុងការសុំយោបល់ពីវិធានការក្នុងការបញ្ជៀសហានិភ័យពីអាជ្ញាធរ អ្នកពាក់ព័ន្ធ អង្គការដៃគូ កសិករ អាជីវករ នៅលើផ្ទាំងក្រដាសហ្លីបឆាត (Flip Chart) តាមវិស័យ និងស្ថាប័នបច្ចេកទេសនីមួយៗ ។ ភ្លាមនោះដែរ សិក្ខាកាមមួយរូប បានមានប្រសាសន៍ថា នៅពេលមេឃខ្មៅតែងសួរគ្នាពីការបាក់ផ្ទះប៉ុន្មាន? និងយកមេរៀននេះទៅផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋបន្ត ។ រីឯលោក ផុន ចាន់និល អភិបាលរងក្រុងសំរោង បានឡើងរៀបរាប់ពីវិធានការមួយចំនួនដូចជា ១. ផ្សព្វផ្សាយពីហានិភ័យ ២. ដាំដើមឈើ សង់ផ្ទះឱ្យរឹងមាំ បម្រុងទឹក រក្សាទឹកទុកដាក់ក្នុងពាងធំៗ ឬអាងស្តុកទឹក ដាំបន្លែដែលប្រើប្រាស់ទឹកតិច ។ លោក សិក្ខាកាមមួយរូបទៀត បានមានប្រសាសន៍ថាយើងត្រូវបង្កើត និងការពារអាងស្តុកទឹកទុកតាំងពីរដូវវស្សាសម្រាប់ប្រើប្រាស់នៅរដូវប្រាំង ។ លោកស្រី ឌឹប វឿន ជំទប់ទី១ឃុំទំនប់ដាច់ បានផ្សព្វផ្សាយតាមភូមិ ឱ្យកូនចៅបានត្រៀមទឹកទុក ខណៈមានភាពរាំងស្ងួត តាមរយៈការទិញពាងបន្ថែម និងត្រងទឹកទុក ឬចុះពីលើផ្ទះនៅពេលមានខ្យល់ខ្លាំង ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង ។ លោកស្រី បានមានប្រសាសន៍ថា ស្នើឱ្យមានការទប់អូរ ការពារភ្លើង ។

តំណាងអង្គការ CRF បានស្នើឱ្យប្រជាពលរដ្ឋពិចារណាបញ្ឈប់ការបូមស្រះចាប់ត្រី ខណៈដែលត្រីមិនសូវជាសំខាន់ដូចទឹកសម្រាប់ប្រើប្រាស់នោះទេ ។

លោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ បានលើកឡើងពីភាពខុសគ្នានៃការសង់ផ្ទះរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តផ្សេង ដោយនៅខាងឧត្តរមានជ័យ​ ច្រើនតែលើកបន្តុបជើងសសរ ពោលគឺត្រូវគិតលើគុណភាពសាងសង់ផ្ទះ ប្តូរទម្លាប់អ្នកខេត្តឧត្តរមានជ័យ សម្របសម្រួលស្រះរួម ដែលជីកលើដីមានកម្មសិទ្ធិ ជួសជុលអណ្តូងដែលខូចខាត ត្រៀមស៊ឺទែនទឹកទុក ។ 

សូមបញ្ជាក់ផងដែរថ លទ្ធផលដែលបានពីការពិភាក្សានៅកម្រិតថ្នាក់ខេត្តនេះ នឹងយកបន្តទៅពិភាក្សានៅថ្នាក់ជាតិបន្តទៀត ៕

ចំនួនអ្នកចូលទស្សនា
Flag Counter