លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ និងសហការី បានចូលរួមពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨~២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩~២០២០ នៅទីស្តីការក្រសួង (អគារផ្ការំដួល)
ចេញ​ផ្សាយ ១៦ មីនា ២០១៩
195

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ និងសហការី បានចូលរួមពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨~២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩~២០២០ នៅទីស្តីការក្រសួង (អគារផ្ការំដួល) ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំមន្ទីរកសិកម្មរាជធានីខេត្ត និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង សរុបប្រមាណ៤០០នាក់។

ក្នុងពិធីបើកសន្និបាតនេះ ក៏មានការពិភាក្សាលើប្រធានបទអភិវឌ្ឍន៍វិស័យកសិកម្មផងដែរ ដើម្បីត្រៀមធ្វើរបាយការណ៍បូកសរុបលទ្ធផលសន្និបាត ក្នុងពិធីបិទសន្និបាតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន÷

១. តើត្រូវរៀបចំប្រព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវនិងបន្លែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រយ៉ាងដូចម្តេច ដើម្បីបង្កើនផលិតភាព បញ្ចុះថ្លៃដើម បង្កើនគុណភាព ធានាសុវត្ថិភាព និងមានការប្រកួតប្រជែង?

២. តើត្រូវរៀបចំប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រយ៉ាងដូចម្តេច ដើម្បីធានាការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុក និងពង្រីកលទ្ធភាពនៃការនាំចេញ ដោយគិតគូរលើគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច?

៣. តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យសហគមន៍នេសាទ មានដំណើរការប្រកបដោយប្រសិទ្ធភាព?

៤. តើត្រូវលើកទឹកចិត្តការវិនិយោគលើការដាំឈើ និងទស្សនៈវិស័យអនាគត់កៅស៊ូធម្មជាតិកម្ពុជាយ៉ាងណា?

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកនៅបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះមួយចំនួនមានជាអាទិ៍៖

១. ទិន្នផល និងគុណភាពផលិតកម្មនៅទាប ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅមានកម្រិត កង្វះប្រព័ន្ធកែច្នៃ និងទីផ្សារមានការប្រកួតប្រជែងខ្ពស់។

២. ការងារស្រាវជ្រាវ និងសេវាផ្សព្វផ្សាយនៅមិនទាន់បានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់នៅឡើយ។

៣. ប្រព័ន្ធស្រោចស្រពតាមលក្ខណៈសន្សំសំចៃទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់។

៤. ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឲ្យចំគោលដៅ និងសក្តានុពលភាពនៅតាមភូមិសាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហា។

៥. ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់ រួមទាំងការត្រួតពិនិត្យ អនាម័យនិងភូតគាមអនាម័យនៅមានកម្រិត សកម្មភាពកាប់រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់នៅតែកើតមានរហូតមកទល់បច្ចុប្បន្ននេះ។

៦. ការរកទីផ្សារលក់ផលិតផលកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅជួបបញ្ហា។

ទាក់ទងនឹងបញ្ហាសំខាន់ៗខាងលើ និងជាពិសេសដើម្បីបន្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់អង្គសន្និបាតទាំងមូល ពិសេសអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពិចារណាលើអនុសាសន៍សំខាន់ៗដែលជារួមទាក់ទងនឹងយន្តការ ឬវិធានការដោះស្រាយបញ្ហា ការធ្វើទំនើបកម្មកសិកម្ម ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍដំណាំកៅស៊ូ ដាំណាំកសិឧស្សាហកម្ម ដំណាំស្រូវ និងដំណាំរួមផ្សំ ការលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វ ចំណី ការបង្កាត់ពូជ ការផ្គត់ផ្គង់សាច់ និងការគ្រប់គ្រងជំងឺ។ ពង្រឹងការគ្រប់គ្រងធនធានជលផល ជំរុញវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ ការចិញ្ចឹមត្រីក្នុងស្រែនិង ការអភិរក្សតំបន់ការពារមេពូជ និងការបង្ក្រាបបទល្មើស។ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ជំរុញការស្តារដាំដុះព្រៃឈើឡើងវិញ  ដោយសហការជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ  ដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មនាឆ្នាំ២០១៩-២០៣០។

ចំនួនអ្នកចូលទស្សនា
Flag Counter