ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំស្តីពីកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាគណៈអធិបតី និងមានការអញ្ចើញចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំ ដែលជាសមាជិកនៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម និងលោកប្រធានមន្ទីរតាមបណ្តារាជធានីខេត្ត។
នៅក្នុងដំណើរការនៃកិច្ចប្រជុំនេះគឺផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន៥គឺៈ
១. ពិនិត្យឡើងវិញនៅលទ្ធផលប្រជុំកាលពីលើកមុន និងកិច្ចការងារដែលនៅសេសសល់
២. កិច្ចការងារដែលត្រូវធ្វើប្រតិភូកម្មបន្តលើការផ្តល់សេវារដ្ឋបាលទៅរដ្ឋបាលរាជធានី ខេត្ត
៣. ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលរាជធានី ខេត្ត
៤. ការគ្រប់គ្រង និងចាត់ចែងលើការផ្តល់សេវារដ្ឋបាល នៃរដ្ឋបាលរាជធានី ខេត្ត
៥. ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ
លទ្ធផលសម្រេចបានៈ
១. ពិនិត្យលើសេវាសាធារណៈណាមួយដែលរដ្ឋបាលកណ្តាលគួរធ្វើប្រតិភូកម្មទៅច្រកចេញចូលតែមួយ និងសេវាសាធារណៈណាខ្លះដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវធ្វើប្រតិភូកម្មទៅច្រកចេញចូលតែមួយ
២. ពិនិត្យមើលតារាងឧបសម្ព័ន្ធ១ និងឧបសម្ព័ន្ធ២ លើការផ្តល់សេវារដ្ឋបាលនៃរដ្ឋបាលរាជធានី ខេត្ត ថាតើអាចអនុវត្ត ឬមិនអាចអនុវត្ត? ក្នុងការធ្វើប្រតិភូកម្មទៅច្រកចេញចូលតែមួយ ដើម្បីក្រសួងមានមូលដ្ឋានក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិផ្លូវច្បាប់ ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច
៣. ផ្តោតសំខាន់លើរចនាសម្ព័ន្ធរបស់ច្រកចេញចូលតែមួយ ដែលមន្រ្តីសាលាខេត្តនៅជួរមុខ និងមន្រ្តីជំនាញកសិកម្មនៅជួរក្រោយ ដើម្បីពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើការផ្តល់សេវារដ្ឋបាល
៤. បន្តអនុវត្តនូវសុពលភាពលើប្រកាសអន្តរក្រសួងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺប្រកាស១០១៣ លើការផ្តល់សុពលភាពក្នុងការផ្តល់សេវារដ្ឋបាល និងប្រកាស១០១៤ ការបង់ចូលថវិកាជាតិ និងប្រាក់រង្វាន់លើកទឹកចិត្ត លើការផ្តល់សេវាសាធារណៈ។