ដឹកនាំផង ចុះអនុវត្តផ្ទាល់ដោយសាមញ្ញផង ធ្វើឱ្យស្ថានីយកសិកម្មកូនក្រៀលកែប្រែមុខមាត់បណ្តើរៗហើយ
ចេញ​ផ្សាយ ១០ មីនា ២០១៩
257

តាមរយៈសកម្មភាពតាមមូលដ្ឋាននាថ្ងៃសៅរ៍ ៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ដែលបង្ហាញពីភាពសាមញ្ញា និងស្និទ្ធស្នាលជាមួយនឹងមន្រ្តីក្រោមឱវាទក្នុងកិច្ចការរបស់លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ជាពិសេសគ្រាដែលលោកបានដាក់ផែនការ និងទិសដៅអភិវឌ្ឍស្ថានីយកសិកម្មកូនក្រៀល ដែលស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានកំពុងក្លាយជាគំរូនៃការដឹកនាំដ៏ល្អប្រសើរមួយសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តវេននូវកិច្ចការអភិវឌ្ឍក្តី ការងារសង្គមក្តី ក៏ដូចជាតួនាទីភារកិច្ចរបស់ស្ថាប័នដែលត្រូវទទួលខុសត្រូវចំពោះថ្នាក់ជាតិផងនោះ ។ ជារឿយៗគេសង្កេតឃើញថា លោក សូត្រ ស៊ីសុខឃាង តែងតែផ្តួចផ្តើម និងដឹកនាំសហការីចុះអនុវត្តការងារនៅស្ថានីយកសិកម្មកូនក្រៀល ដែលមានទំហំជាង ១៦៧ហិកតា តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានដូចជាប្រឡាយទឹក រៀបចំបង្ការការពារមុខភ្លើងនាខែប្រាំង  ការសាងសង់អាងស្តុកទឹកអាកាស ការជីកស្រះ ការរៀបចំទំនប់ទឹកសម្រាប់ទប់ទឹកប្រើប្រាស់ខែប្រាំង ផ្ទះប្លាស្ទិកសម្រាប់ដំណាំបន្លែសុវត្ថិភាព ការរៀបចំឱ្យមានការចិញ្ចឹមមាន់ គោ ការរៀបចំតប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំដូង និងឈើហូបផ្លែមួយចំនួនទៀត និងការផលិតកម្មដំណាំស្រូវផងដែរ  ។ ក្រៅពីផ្ទៃដីដែលនៅសេសសល់ទាំងនោះ នៅមានដីព្រៃទុកជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាជម្រកសត្វព្រៃ ដែលអាចនឹងក្លាយទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនាពេលអនាគត ដែលសម្រាប់បម្រើឱ្យផលប្រយោជន៍រួមរប​ស់អង្គភាពប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ  ដោយចង់ប្រែក្លាយស្ថានីយកសិកម្មមួយនេះទៅជាទីតាំងមួយដែលមានសក្តានុពល តាមរយៈបង្កើនផលិតភាពកសិកម្ម និងមានប្រពលវប្បកម្មលើអនុវិស័យពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យតែម្តង  ហើយក៏អាចក្លាយទៅជាកន្លែងមួយដែលអាចធ្វើបង្ហាញនូវបច្ចេកទេសល្អៗ និងចែករំលែកដល់កសិករដើម្បីយកទៅអនុវត្តតាមការគួរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter