ការបង្ហាញពីភ្នាក់ងារចម្លងជម្ងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី និងវិធានការការពារដែលកសិករអាចយកមកអនុវត្តន៍ក្នុងការដាំដំណាំដំឡូងមីរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។
តើអ្វីខ្លះជាភ្នាក់ងារចម្លងជម្ងឺលើដំណាំដំឡូងមី?
- រុយសជាភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី
រុយស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyroodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាមានដងខ្លួនស្រទន់គ្របដណ្តប់ដោយស្លាបព័ណ៌ស។ រុយសដែលបំផ្លាញដំណាំដំឡូងមីមានដូចជា៖ Bemisia tabaci (Gennadius, 1889) Bemisia tabaci (B biotype) (Gennadius, 1889) និងAleurodicus disperses ។
រុយសបំផ្លាញដំណាំដំឡូងមីដោយផ្ទាល់ និងប្រយោល។ ការបំផ្លាញដោយផ្ទាល់គឺវាបឺតជញ្ជក់យករុក្ខរសមកចិញ្ចឹមជីវិតដែលបណ្តាលឲ្យស្លឹកដំឡូងមីរួញស្លោក និងជ្រុះស្លឹក។ នៅពេលចំនួនប្រជាកររុយសមានកម្រិតខ្ពស់ វានឹងធ្វើឲ្យប៉ះពាល់ទិន្នផលដំឡូងមី។ ចំពោះការបំផ្លាញដោយប្រយោល វាគឺជាភ្នាក់ងារចម្លងជងឺម៉ូសាអ៊ិចលើដំឡូងមី។
ពងរុយសមានរាងជាពងក្រពើព័ណ៌លឿង និងមានប្រវែងប្រហែល ០,២មម។
សត្វពេញវ័យខ្លួនគ្របដណ្តប់ដោយម្សៅមានព័ណ៌សរលោង។ វាមានប្រវែងប្រហែល ១មម ហើយសត្វឈ្មោលមានប្រវែងខ្លីជាងសត្វញីបន្តិច។
សត្វញីពងនៅផ្នែកខាងក្រោមនៃផ្ទៃស្លឹក។ ពងនឹងញាស់បន្ទាប់ពី ៧-១៤ថ្ងៃ។ សត្វពេញវ័យញីមានអាយុប្រមាណពីរសប្តាហ៍ក្នុងមួយវត្តជីវិតរបស់វា វាអាចពងបានចំនួនពី៦៦ ដល់ ៣០០ពង។ សត្វពេញវ័យសកម្មក្នុងការបឺតជញ្ជក់យករុក្ខរសនៅពេលព្រឹក និងរួមភេទនៅពេលរសៀល។
សម្អាតស្មៅដែលជាជំរករុយសទាំងក្នុងចម្ការ និងបរិវេណជុំវិញចម្ការ។
ឆ្លាស់មុខដំណាំ ដោយដាំឆ្លាស់រវាងដំឡូងមី នឹងដំាំណាំផ្សេងទៀត ដូចជាពពួកសណ្តែក ពោត...។
រក្សាដីទុកទំនេរមួយរយៈ ដើម្បីផ្តាច់វដ្តជីវិតរុយស។
ប្រើល្បាយសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆា ចំនួន ៨ស្លាបព្រា និងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច។
ត្រាំកំណាត់ដំឡូងមី (ពូជ) ក្នុងទឹកថ្នាំទីយ៉ាមេថូសាំ (Thiamethoxam) ១កញ្ចប់ មាន៤ក្រាម លាយទឹក៨លីត្រ ទុករយៈពេល ១០-១៥នាទីមុនពេលដាំ។
បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ស្លឹកទៀប ២គីឡូក្រាម ស្លឹកប្រេងខ្យល់ ២គីឡូក្រាម បុកឲ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចច្រោះឲ្យស្អាតហើយបាញ់កន្លែងដែលកើតរុយស)។
ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវ។