ថ្ងៃអង្គារ ៩ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស ថាវី អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានជួបសវនាការជាមួយគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តមចាង ដេហឺ អភិបាលក្រុងអ៊ិហ្សី ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តឧត្តរមានជយ័ជាមួយទីក្រុងអ៊ិហ្សី ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ៕ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនគឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិសយ័ដូចជា ការស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ការផ្តល់ជំនួយ និងកម្ចីហេរញ្ញប្បទាននានា ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្សដែលកំពុងតែផ្តល់ភាពរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងបានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយនៃគោលនយោបាយជាយុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ” ។