ថ្ងៃអង្គារ ០២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ និងសហការី ក្រុមការងារចុះជួយបច្ចេកទេសលើការផលិតពូជស្រូវ ដែលគាំទ្រដោយវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្រូវ ដែលធ្វើការសម្របសម្រួលដោយលោកគ្រូ សៀង ឡៃហេង និងសហការី នៅភូមិអូរឫស្សី សង្កាត់សំរោង និងភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ក្នុងគោលបំណង ដើម្បីឱ្យកសិករយល់ដឹង និងចេះពីបច្ចេកទេសបន្សុទ្ធពូជស្រូវ និងដើម្បីឱ្យកសិករចេះពីវិធីសាស្ត្រការពារ និងកម្ចាត់ខ្យងស៊ីស្រូវ (ខ្យងមាស) ។ នាឱកាសនោះដែរ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ បានមានមតិចាប់អារម្មណ៍ និងបើកកម្មវិធីលើការចងក្រងក្រុមផលិតពូជស្រូវ (ផ្ការំដួល) របស់សហគមន៍កសិកម្មអូរឫស្សី ហើយក្នុងឱកាសពេលនោះផងដែរ លោកប្រធានក៏បានជំរុញឱ្យសហគមន៍បង្កើត និងចងក្រុមដាំបន្លែលក្ខណៈបង្វិលជុំ (ដាំពេញមួយឆ្នាំ) ដោយសារតែនៅក្នុងសហគមន៍នេះកសិករភាគច្រើនគឺប្រកបរបរដាំបន្លែ បន្ទាប់ពីដំណាំស្រូវ ហើយមុននឹងប្រកាសបើកកម្មវិធី លោកប្រធានក៏រំពឹងយ៉ាងមុតមាំថា កសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អពីលោកគ្រូសម្របសម្រួល និងអាចយកចំណេះដឹងទាំងនោះទៅអនុវត្តបន្តបាន និងធ្វើការផ្សពផ្សាយដល់កសិករដ៏ទៃទៀត ។ មាតិកានៃវគ្គបណ្តុះបណ្តាលនោះរួមមាន៖
+ ពេលព្រឹក
- ការបង្ហាញពីវិធីសាស្ត្របន្សុទ្ធពូជស្រូវ
- ការជ្រើសរើសទីតាំង
- ការជ្រើសរើសពូជ
- ការរៀបចំថ្នាលកូនសំណាប
- ការរៀបចំដីស្រែ (កៀរពង្រាបដី, លើកភ្លឺ)
- ការប្រើប្រាស់ជីទ្រាប់បាត និងជីបំប៉ន
- ការស្ទួងកូនសំណាប (ស្ទូងតាមបង្គុំបច្ចេកទេស និងស្ទួងតាមទម្លាប់)
- ការគ្រប់គ្រងតក្តាចង្រៃ (ស្មៅ, សត្វល្អិត និងជំងឺ)
- វិធីសាស្រ្តបន្សុទ្ធពូជស្រូវ (ដកដើមស្រូវលាយចេញពីក្នុងស្រែ)
- ការបង្ហាញពីវិធានការការពារ និងកម្ចាត់ខ្យងស៊ីស្រូវ (ខ្យងមាស)
- ការកម្ចាត់ពងខ្យងមាស
- ការស្វែងរកទីជម្រករបស់វា
- បង្ហូរទឹកចេញពីស្រែ
- ប្រើអន្ទាក់ចាប់ ដោយយកទុំត្នោតធ្វើជាអន្ទាក់
+ ពេលរសៀល នៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ផ្ទះរបស់កសិករ ប៊ូ សំហេន ទទួលធ្វើស្រែបង្ហាញពូជស្រូវផ្ការំដួល
- បង្ហាញពីវិធីសាស្ត្របន្សុទ្ធពូជស្រូវ
- បង្ហាញពីវិធីសាស្ត្រការពារ និងកម្ចាត់ខ្យងស៊ីស្រូវ (ខ្យងមាស)
- បង្ហាញពីវិធីសាស្ត្រការពារ និងកម្ចាត់ទ្រីប
- បង្ហាញពីវិធីសាស្ត្រការពារ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវស៊ីរ៉ូងដើម
+ លទ្ធផល
- កសិករទទួលបាននូវចំណេះដឹងថ្មីៗ និងយល់ច្បាស់ពីវិធីសាស្ត្របន្សុទ្ធពូជស្រូវ
- កសិករយល់ច្បាស់ពីវិធីសាស្រ្តការពារ និងកម្ចាត់ខ្យងស៊ីស្រូវ
- កសិករយល់ដឹងពីវិធីសាស្ត្រការពារ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវស៊ីរូងដើម
- កសិករយល់ដឹងពីវិធីសាស្ត្រការពារ និងកម្ចាត់ទ្រីបបំផ្លាញលើដំណាំស្រូវ ៕