នាព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នាសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យបានរៀបចំវេទិកាសន្ទនាសាធារណៈ និងឯកជនក្នុងការលើកកម្ពស់តម្លៃខ្សែចង្វាក់លើវិស័យសាកវប្បកម្ម របស់គម្រោងបន្លែផ្លែឈើ កម្ពុជាឈេន (CHAIN) ក្រោមអធិបតីឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលនៃគណៈអភិបាលរងខេត្តឧត្តរមានជ័យ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការ ដៃគូរ អភិវឌ្ឍន៍ កសិករដាំបន្លែ កសិករដាំបន្លែ អ្នកលក់សម្ភារៈកសិកម្ម អ្នកទទួលទិញបន្លែសរុបចំនួន៥០នាក់/ស្រ្តី១១នាក់។
ពិធីកិច្ចសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្តីពីការលើកកម្ពស់ខ្សែសង្វាក់
តម្លៃវិស័យសាកវប្បកម្ម ដែលសហការរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងដៃគូរអភិវឌ្ឍន៍ គម្រោងបន្លែ និងផ្លែឈើកម្ពុជា (CHAIN-2)
សេចក្តីសង្ខេបរបស់គម្រោងបន្លែ ផ្លែឈើកម្ពុជា (CHAIN)
គម្រោង បន្លែ ផ្លែឈើ កម្ពុជា គឺជាគម្រោងរបស់ទីភ្នាក់ងារស្វ៊ីស ដើម្បីការអភិវឌ្ឍន៍ និងកិច្ចសហប្រតិការ (SDC) ។ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទន្លេមេគង្គរបស់ទីភ្នាក់ងារស្វ៊ីស ដើម្បីការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ២០១៨-២០២១ អង្គការអភិវឌ្ឍន៍របស់ប្រទេសហូឡង់ស៍ (SNV) សហការជាមួយ Swisscontact នឹងដឹកនាំអនុវត្តន៍គម្រោង បន្លែ ផ្លែឈើ កម្ពុជាដំណាក់កាលទី ២ (CHAIN 2) ។
រយៈពេលរបស់គម្រោងជារួមមានរយៈពេល ៨ឆ្នាំ គឺចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ ២០១៤ និងគ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ ។ គម្រោងនេះចែកចេញជា ៣ដំណាក់កាល ហើយដំណាក់កាលទី ១ បានបញ្ចប់នៅបំណាច់ខែ វិច្ឆិកា ឆ្នាំ ២០១៧ និង ដំណាក់កាលទី ២ ចាប់ផ្តើមពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ។
គម្រោង បន្លែ ផ្លែឈើ កម្ពុជា ផ្តោតសំខាន់លើខ្សែសង្វាក់តម្លៃនៃសាកវប្បកម្មក្នុងខេត្ត ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើស្ត្រី និងជំរុញកំណើនចំណូលគ្រួសារប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំនិងអាកាសធាតុ។
គម្រោងឈេនដំណាក់កាលទី ២ នឹងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍទីផ្សារបន្លែសុវត្ថិភាពក្នុងតំបន់ និងការវាយតម្លៃបញ្ចប់វគ្គក្រុមកសិករ ដើម្បីឈានទៅជាកសិករដាំបន្លែអាជីព។ នេះមានន័យថា គម្រោងជម្រុញឱ្យមានការបង្កើនផលិតភាពផលិតកម្ម តាមរយៈកសិករដាំពាក់ពាក់កណ្តាលអាជីព និងកសិករដាំអាជីពដែលតភ្ជាប់និងទីផ្សារ។ ចំពោះផលិតកម្មនៅរដូវសមប្រកប កសិករគួរផ្តោតទៅលើដំណាំមានតម្លៃខ្ពស់ ពីព្រោះពួកគាត់ភាគច្រើនដាំដំណាំយកស្លឹក ចំណែកឯផលិតកម្មដំណាំខុសរដូវ កសិករគួរតែផ្តោតទៅលើដំណាំបន្លែចម្រុះ ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ។
គម្រោងឈេនដំណាក់កាលទី ២ នឹងផ្តោតការយកចិត្តទុកដាក់ជាចំបងទៅលើការពង្រឹងប្រព័ន្ធទីផ្សារ ដើម្បីអនុវត្តការផ្លាស់ប្តូរទីផ្សារជាប្រព័ន្ធ ដែលដៃគូរ វិស័យសាធារណៈ និងវិស័យឯកជន ជាស្ថាប័ណ្ឌផ្តល់នូវសេវាប្រកបដោយប្រសិទ្ធភាព រួមទាំងសេវាកម្មផ្សព្វផ្សាយ បណ្តុះបណ្តាល ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ការផ្តល់ព័ត៌មានទីផ្សារ ដើម្បីបំពេញតាមតម្រូវការរបស់កសិករ។ គម្រោងឈេនដំណាក់កាលទី ២ ក៏ជម្រុញការលើកកម្ពស់ សេដ្ឋកិច្ចស្រ្តី (WEE) ដែលជាផ្នែកមួយ ដើម្បីកាត់បន្ថយឧបសគ្គរបស់ស្ត្រីចូលរួមក្នុងវិស័យសាកវប្បកម្ម។ ដើម្បីសំរេចបានគោលដៅខាងលើ គម្រោងឈេនដំណាក់កាលទី ២ បាននិងកំពុងរៀបចំកិច្ចសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្តីពីការលើកកម្ពស់ខ្សែសង្វាក់តម្លៃវិស័យសាកវប្បកម្ម (PPD) ជាមួយអាជ្ញាធរខេត្ត វិស័យឯកជន និងដៃគូរពាក់ព័ន្ធវិស័យសាកវប្បកម្មដទៃៗទៀត។
គម្រោងឈេន នឹងរៀបចំកិច្ចសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្តីពីការលើកកម្ពស់ខ្សែសង្វាក់តម្លៃវិស័យសាកវប្បកម្ម (PPD) នៅក្នុងខេត្តគោលដៅ ទាំង៤របស់គម្រោង។ អង្គការ HEKS នឹងសហការរៀបចំព្រឹត្តិការណ៍នេះ នៅខេត្តក្រចេះ។
លទ្ធផលទទួលបាននៃកិច្ចពិភាក្សាថ្នាក់ខេត្តទាំង៤ ដែលរួមមានតម្រូវការនិងបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធនឹងត្រូវយកទៅធ្វើបទបង្ហាញ និងពិភាក្សាជាមួយអ្នកបង្កើតគោលនយោបាយ នៅឯកិច្ចពិភាក្សាថ្នាក់ជាតិរួមសហការណ៍រៀបចំជាមួយ គម្រោង ហាវែស ២ HARVEST-2 និងអង្កការ GIZ នៅខែកញ្ញាឆ្នាំ ២០១៨។
កិច្ចសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្តីពីការលើកកម្ពស់ខ្សែសង្វាក់តម្លៃវិស័យសាកវប្បកម្ម (PPD) នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំចរ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ ចាប់ពីម៉ោង៧ និង៣០នាទី ព្រឹកដល់ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ។
គោលបំណងនៃកិច្ចសន្ទនា (Objective of the Dialogues)៖
- ដើម្បីគៀងគរអ្នកពាក់ព័ន្ធសំខាន់ៗ ពីវិស័យសាធារណៈវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ចូលរួមពិភាក្សាអំពីបញ្ហាប្រឈម និងភាពកង្វល់អំពីគោលនយោបាយនៅក្នុងអនុវិស័យសាកវប្បកម្ម
- ដើម្បីស្វែងរកកិច្ចសហការ រវាងវិស័យឯកជន និងអ្នកបង្កើតគោលនយោបាយរដ្ឋាភិបាល ក្នុងការកំណត់នូវដំណោះស្រាយរួមគ្នា ដែលមានសក្តានុពលដើម្បីដោះស្រាយកត្តាប្រឈមទាំងនោះ។
ចំណាប់អារម្មណ៍លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ
ក្នុងកិច្ចសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្តីពីការលើកកម្ពស់ខ្សែសង្វាក់
តម្លៃវិស័យសាកវប្បកម្ម ជាការរួមចំណែកជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការឱ្យរដ្ឋបាលខេត្ត ហើយក៏ជាស្ថាប័នបច្ចេកទេសនៅថ្នាក់ក្រោមជាតិ បានធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការងារផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេសដល់កសិករ ជាពិសេសវិស័យសាកវប្បកម្មលើដំណាំបន្លែ ដើម្បីចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនការយល់ដឹងអំពីបន្លែសុវត្ថិភាព និងលើកទឹកចិត្តកសិករក្នុងផលិតកម្មដំណាំបន្លែ ។
នៅចុងឆ្នាំ២០១៥-២០១៧ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាលើកដំបូងជាមួយគម្រោង CHAIN នៃអង្គការ SNV ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមកសិករចំនួន០៣ប្រភេទគឺ ក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារ (ដាំហូប) ពាក់កណ្តាលអាជីព និងអាជីព តាមបណ្តាក្រុងស្រុកគោលដៅទាំង០៥ ។ ដោយមានការឧបត្ថម្ភ និងគាំទ្រពីគម្រោង CHAIN បានរៀបចំកិច្ចសន្ទនារវាងវិស័យសាធារណៈ និងឯកជនស្តីពីការលើកកម្ពស់ខ្សែសង្វាក់តម្លៃវិស័យសាកវប្បកម្ម ដោយគម្រោងបានផ្តោតលើស្រ្តី និងជំរុញកំណើនចំណូលគ្រួសារប្រកប ដោយចីរភាព និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំនឹងអាកាសធាតុ ។
ក្នុងដំណាក់កាលទី២នេះ គម្រោង CHAIN នឹងផ្តោតលើការយកចិត្តទុកដាក់លើការអភិវឌ្ឍទីផ្សារបន្លែសុវត្ថិភាពក្នុងតំបន់ និងការវាយតម្លៃបញ្ចប់វគ្គក្រុមកសិករ ដើម្បីឈានទៅកាន់ជាក្រុមដាំបន្លែអាជីព ។ នេះមានន័យថា គម្រោងជំរុញឱ្យមានការបង្កើនផលិតភាពផលិតកម្មតាមរយៈកសិករដាំបន្លែពាក់កណ្តាលអាជីព និងអាជីពដែលតភ្ជាប់នឹងទីផ្សារ ។ ចំពោះផលិតកម្មនៅរដូវសមប្រកប កសិករគួរផ្តោតលើដំណាំមានតម្លៃខ្ពស់ ពីព្រោះពួកគាត់ភាគច្រើនដាំដំណាំយកស្លឹក រីឯផលិតកម្មដំណាំបន្លែខុសរដូវ គួរផ្តោតលើដំណាំបន្លែចម្រុះដើម្បីកាត់បន្ថយការនាំបន្លែចូលពីខាងក្រៅ ។
ក្នុងនាមជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ខ្ញុំសូមសង្ខេបជូនអំពីដំណើរការ និងកត្តាប្រឈមរបស់គម្រោង CHAIN ដំណាក់កាលទី២ ដូចខាងក្រោម៖
១. ដំណើរការគម្រោងដំណាក់កាលទី២
មន្រ្តីអនុវត្តគម្រោងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ដោយមានការពង្រឹងសមត្ថភាពបន្ថែមពីក្រុមការងារបច្ចេទេសរបស់គម្រោងជាជំហានៗ ចុះបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំបន្លែហូប ពាក់កណ្តាល អាជីព និងអាជីព អាស្រ័យលើបញ្ហាប្រឈមជាក់ស្តែង (Issue Based) ។ ក្រៅពីនេះនៅមានការពិសោធន៍ពូជបន្លែ ការពិសោធន៍ IPM ការពិសោធន៍តគល់ត្រប់ជាមួយប៉េងប៉ោះ ការពិសោធន៍បន្លែក្នុងផ្ទះបា្លស្ទិក ការរៀបចំចម្ការបង្ហាញឆ្លាតវៃ សរុបទាំងអស់ចំនួន៣០ចម្ការ ការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តគម្រោងតាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសរាល់ពេលមានតម្រូវការ ការគិតគូរពីសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព ការគិតគូរពីការរៀបចំបណ្តុំក្រុមកសិករ (Cluster Road Map) ការកែច្នៃអាហារ ការពង្រឹងសិទ្ធិអំណាច និងសេដ្ឋកិច្ចដល់ស្រ្តី (Women Empowerment and Economic) ដែលជាផ្នែកមួយដើម្បីកាត់បន្ថយឧបសគ្គរបស់ស្រ្តីចូលរួមក្នុងវិស័យសាកវប្បកម្ម ការរៀបចំទិវាចម្ការបន្លែ ការធ្វើផែនការអាជីវកម្ម និងការផ្សាភ្ជាប់ទីផ្សាររវាងតួអង្គពាក់ព័ន្ធដូចជា អ្នកលក់សម្ភារកសិកម្ម កសិករដែលជាអ្នកផលិត អ្នកប្រមូលទិញ តួអង្គវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល ។ រហូតមកទល់ពេលនេះ មានកសិករចំនួន៧០ ក្រុម សរុបចំនួន ១,៤៧៥នាក់ ស្រី១,០៩១នាក់ ។ ចំពោះលទ្ធផលទទួលបាននៃកិច្ចសន្ទនាថ្នាក់ខេត្តទាំង០៤ដូចបានរៀបរាប់ជូនខាងលើ ដែលរួមមានតម្រូវការ និងបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធនឹងត្រូវយកទៅធ្វើបទបង្ហាញ និងពិភាក្សាជាមួយអ្នកបង្កើតគោលនយោបាយនៅឯកិច្ចពិភាក្សាថ្នាក់ជាតិ ដែលរួមសហការរៀបចំជាមួយគម្រោង Harvest 2 និងអង្គការ GIZ នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ។
២. លទ្ធផលនៃការអនុវត្តគម្រោង
ឆ្លងតាមបទពិសោធន៍របស់គម្រោង CHAIN ដំណាក់កាលទី១ យើងបានទទួលលទ្ធផលនូវភាពជោគជ័យជាវិជ្ជមានមួយជំហាន បើធៀបទៅនឹងផែនការដែលគម្រោងបានគ្រោងទុក ទោះបីជាមានក្រុមកសិករខ្លះ (២៧ក្រុម) ត្រូវបានសម្រេចកាត់រំសាយសកម្មភាពជាមួយគម្រោង ដោយសារភាពអសកម្ម និងខ្វះការចូលរួមរបស់កសិករទៅហើយក្តី ។ ផ្ទុយទៅវិញ ចំនួនក្រុមកសិករដែលបានវិវត្តខ្លួនពីដាំបន្លែលក្ខណៈគ្រួសារទៅលក្ខណៈពាក់កណ្តាលអាជីព មានចំនួន ២៤ក្រុម និងក្រុមដាំបន្លែអាជីពសរុបចំនួន ១១ក្រុម តាមរយៈការធ្វើចំណាត់ថ្នាក់ក្រុមកសិករ ។ កន្លងមក កសិករដែលដាំបន្លែអាជីព ដែលទទួលបានជំនាញ និងបច្ចេកទេសពីគម្រោងហ៊ានប្រើបា្រស់កម្ចីឥណទានក្នុងការវិនិយោគផលិតកម្មដំណាំបន្លែរបស់ពួកគាត់ តាមរយៈការដាំដំណាំវិលជុំ និងពេញមួយឆ្នាំ ខណៈដែលទីផ្សារបន្លែក្នុងស្រុកទទួលបានការគាំទ្រពីសំណាក់សាធារណជន និងអ្នកប្រើប្រាស់ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ដែលធ្វើឱ្យកសិករយើងខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ ។
បច្ចុប្បន្ននេះទឹកដីខេត្តឧត្តរមានជ័យបានប្រែក្លាយផលិតកម្មដំណាំបន្លែពីការដាំបន្លែដែលមានលក្ខណៈធម្មតា ទៅការដាំបន្លែនៅក្នុងផ្ទះប្លាស្ទិក ដោយមានកសិករចូលរួមបដិភាគជាមួយគម្រោង ចំនួន០៥រូប ក្នុងនោះស្ថិតនៅស្រុកអន្លង់វែងទាំងអស់ ។ នេះសបញ្ជាក់ឱ្យឃើញថា វិស័យសាកវប្បកម្មដំណាំបន្លែ នៅក្នុងខេត្តជាប់ព្រំដែនមួយនេះបាន បានបោះជំហានទៅកាន់ការប្រកួតប្រជែងទីផ្សារកាន់តែធំទូលាយជាងមុន ។
៣. កត្តាប្រឈម
សម្រាប់ការអនុវត្តគម្រោង CHAIN ដំណាក់កាលទី២ ក៏នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនដែររួមមាន៖
ចំពោះកសិករ ១. កសិករមានការចូលរួមវគ្គបណ្តុះបណ្តាលនៅមានកម្រិត ដោយតាមភូមិគោលដៅខ្លះពុំគ្រប់ចំនួន ២០នាក់ក្នុងមួយក្រុមតាមការចង់បានរបស់គម្រោង និងពុំសូវទៀងទាត់តាមការណាត់បង្រៀន ២. កសិករមួយចំនួនមានការលំបាកក្នុងការយល់នូវមេរៀនដែលមន្រ្តីជំនាញបានបង្ហាត់បង្ហាញ និងយកទៅអនុវត្តផ្ទាល់ ៣. កង្វះខាតប្រភពទឹកស្រោចស្រពនារដូវប្រាំងតាមតំបន់គោលដៅមួយចំនួន ៤. កសិករភាគច្រើន នៅពុំទាន់អាចដំាំបន្លែតាមលក្ខណៈបច្ចេក- ទេស រួមទាំងការប្រើប្រាស់ថ្នាំកសិកម្ម ៦. កម្ចីឥណទានរបស់កសិករ ដើម្បីប្រកបការងារផលិតកម្មកសិកម្ម នៅមានអត្រាការប្រាក់ខ្ពស់ តម្លៃភ្លើងអគ្គិសនីនៅមានតម្លៃថ្លៃ
ចំពោះដៃគូគម្រោង
១. ទម្រង់របាយការណ៍ហាក់មានការធ្វើបច្ចុប្បន្នភាពញឹកញាប់ និងច្រើនទម្រង់តាមផ្នែកនីមួយៗ
២. ខ្វះខាតសម្ភាររដ្ឋបាលសម្រាប់បំពេញការងារជាមួយដៃគូគម្រោង CHAIN
៣. មន្ទីរតែងតែទទួលបានព័ត៌មានពីការបាត់ទិន្នន័យចំនួនកសិករចូលរួម ដោយមិនមានភាពស៊ីមេទ្រីជាមួយការចំណាយថវិកាអនុវត្តគម្រោងពីរឆ្នាំផ្ទួនៗគ្នា និងធ្លាប់បានលើកឡើងថានឹងមានការកាត់ថវិកាពីដៃគូអនុវត្តផ្ទាល់ផងដែរ ។
៤. ការរៀបចំការពិសោធន៍នានាសម្រាប់រដូវប្រាំង និងរដូវវស្សា ហាក់មានច្រើនចម្ការពេករហូតដល់ ៣០ចម្ការ និងចម្ការខ្លះមានចម្ងាយឆ្ងាយដែលពិបាកក្នុងការចុះតាមដាន ។
៥. គម្រោងបានកំណត់សូចនាករខ្ពស់ តែការផ្តល់លទ្ធភាពបណ្តុះបណ្តាលដល់ក្រុមកសិករនីមួយៗមានភាពរង្វើលពីគ្នា និងតិចតួច ។
៤. សំណូមពរ
– សូមឱ្យដៃគូគម្រោងញែកឱ្យដាច់រវាងទិន្នន័យកសិករចូលរួម និងការប្រើប្រាស់ថវិកាតាមខេត្តនីមួយៗ ដើម្បីចៀសវាងការមិនមានភាពស៊ីមេទ្រីដោយគ្មានប្រភពច្បាស់លាស់ ឬឈានដល់ការកាត់ថវិកាដល់មន្ទីរ
– សូមឱ្យជួយសម្រួលលើនីតិវិធីក្នុងការធ្វើលទ្ធកម្មរាល់ពេលរៀបចំទិញសម្ភារដើម្បីរៀបចំចម្ការពិសោធន៍ម្តងៗ
– សូមឱ្យទីប្រឹក្សាទាំងអស់របស់គម្រោងមានគំនិតយោបល់ ឬការណែនាំនានាដល់មន្រ្តីអនុវត្តឱ្យស្របទៅនឹងមន្រ្តីរដ្ឋបាល-ហិរញ្ញវត្ថុរបស់គម្រោងក្នុងការផ្តល់យោបល់ប្រើប្រាស់ថវិកា
– សូមមន្រ្តីអនុវត្តគម្រោងបង្កើនការយកចិត្តទុកដាក់ អត់ធ្មត់ ខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីលទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា និងទំនួលខុសត្រូវខ្ពស់ ជាពិសេសនូវរាល់ពេលមានការស្នើសុំ និងតម្រូវការចាំបាច់នានាដែលគម្រោង ឬមន្រ្តីទទួលបន្ទុកត្រូវការ
– សូមមន្រ្តីអនុវត្តគម្រោងអនុវត្តទៅតាមការបែងចែកតួនាទីភារកិច្ចដែលទើបផ្តល់ជូននាពេលថ្មីៗឱ្យមានប្រសិទ្ធភាព
– សូមឱ្យអាជ្ញាធរមូលដ្ឋាន មេត្តាជួយបន្តកិច្ចសហការជាមួយគម្រោងនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យមានកិច្ចដំណើរការល្អ ។