ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក ហង្ស វុទ្ធី អនុប្រធានការិយាល័យកសិកម្មស្រុកត្រពាំងប្រាសាទ បានសហការជាមួយ លោក ចាន់ តុលា ដឹកនាំកសិករទស្សនកិច្ចសិក្សាលើដំណាំស្រូវ នៅស្រុក មង្គលបុរី និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ
ដោយមានកសិករចូលរួមសរុប ១៥ នាក់ មកពីភូមិជ័យនិរត្តន៍ ឃុំទំនប់ដាច់ចំនួន ០៥ នាក់ និងភូមិអូរត្រាច ឃុំត្រពាំងប្រាសាទចំនួន ១០នាក់ រៀបចំគាំទ្រដោយគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ GIZ ។
ចុះទស្សនកិច្ចនៅស្រែកសិករ សួ ប៊ុនថា រស់នៅភូមិ កោះកែវ ឃុំ ឬស្សីក្រោក ស្រុក មង្គលបុរី កសិករ សួរ ប៊ុនថា បានរៀបរាប់ការពីស្រែគាត់ មួយឆ្នាំធ្វើបានបីដង ប្រើពូជ សែនក្រអូប ហើយទិន្នផលចន្លោះពីប្រាំតោនកន្លះ ទៅប្រាំមួយតោនក្នុងមួយហិកតា ជាបន្តគាត់ធ្វើបទបង្ហាញពីបច្ចេកទេសររៀបចំដី ការបណ្ដុះពូជ ការប្រើប្រាស់ជី នាពេលនោះកសិករចូលរួមទស្សនកិច្ចក៏សួរពីបច្ចេកទេសដំណាក់និមួយៗ ប៉ុន្តែចំណុចសំខាន់ដែលបានចោទសួរ តើជួបឧបស័កអ្វីខ្លះក្នុងមួយវដ្តដំណាំស្រូវ ពូជសែនក្រអូប គាត់បានឆ្លើយថា ជួបឧបស័កនៅពេលស្រូវឡើងថ្នាំង មានរលាកដើម និងដង្កូវស៊ីរូងដើម ។
- ជាបន្តទៅទស្សនកិច្ចនៅស្រែកសិករ ជឹម វេង រស់នៅភូមិ ពោធិពីដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរី គាត់ជាកសិករផលិតពូជស្រូវផ្ការំដួល គាត់ក៏បានរៀបរាប់ពីបច្ចេកទេសខ្លះដែរ ប៉ុន្តែការផលិតស្រូវពូជរបស់គាត់មើលទៅមិនសូវចាប់អារម្មណ៍ ដោយសារស្រែសំបូរស្មៅ និងស្រូវល្អមិនស្មើគ្នា នាពេលនោះកសិករចូលរួមបានសួរគាត់ពីការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត ។
- នៅពេលរសៀល បានបន្តទៅទស្សនកិច្ចនៅស្រែកសិករគំរូឈ្មោះ ស្មីន តឿន នៅភូមិ ទៀនកាំ ឃុំទៀនកាំ ស្រុកព្រះនេតព្រះ ស្រែរបស់គាត់ធ្វើបានពីដង នៅដើមឆ្នាំគាត់ធ្វើស្រូវស្រាស ពូជ 85 លើកទីពីគាត់ធ្វើស្រូវផ្ការំដួល គាត់បានរៀបរាប់ស្រែពីមុនមកបានផលតែ ពីតោនកន្លះទៅបីតោនទេ ដល់បានខាងអង្គការនិងការិយាល័យកសិកម្មស្រុក បានបង្រៀនពីបច្ចេកទេសមកស្រូវរបស់គាត់បានផលកើនឡើងបួនតោនកន្លះទៅប្រាំតោនក្នុងមួយហិកតា ហើយបន្ទាប់ពីដីស្រែគាត់បានកៀពង្រាបដីដោយម៉ាស៊ីនស្វ័យប្រវត្តិឡាស៊ែមក ទិន្នផលកើនឡើងដល់ប្រាំមួយតោនក្នុងមួយហិកតា ការចំណាយមូមទឹកដាក់ស្រែក៏អស់តិច កាត់បន្ថយការប្រើប្រាស់ជី ងាយស្រួលថែទាំស្រូវ កាត់បន្ថយកត្តាបំផ្លាយដូចជាកណ្ដុរ ជាពិសេសស្រូវលូតលាស់ល្អស្មើគ្នា គាត់ចំណាយអស់សរុបចំនួន ១២១៨៥០០ រៀល ហើយលក់ស្រូវវិញបាន ៤៤៨០០០០ រៀល ក្នុងមួយហិកតា នាពេលនោះ លោក ដារ៉ា អ្នកសម្របសម្រួល IRR បានបង្ហាញពីសារប្រយោជន៍នៃការលើកភ្លឺស្រែ និងកៀរពង្រាបដីស្រែឲ្យស្មើ និងបច្ចេកទេសកៀរដីស្រែដោយម៉ាស៊ីនស្វ័យប្រវត្តឡាស៊ែ ជាចុងបញ្ចប់កសិករក៏មានមតិចាប់អារម្មណ៍ លើកពីចំណេះដឹងថ្មីៗខ្លះ ហើយពេលត្រឡប់ទៅវិញពួកគាត់ព្យាយាមអនុវត្តតាមបច្ចេកទេស ជាពិសេសការលើកភ្លឺស្រែ និងការរៀបចំដី ហើយក៏បានថ្លែងអំណរគុណដល់គម្រោង និងខាងកសិកម្មស្រុក កសិកម្មខេត្តដែលបានផ្ដល់ឱកាសឲ្យពួកគាត់បានមកទស្សនកិច្ចថ្ងៃនេះ ការទស្សនកិច្ចបានបញ្ចប់នៅម៉ោងពីរសៀល និងបានត្រឡប់មកដល់ផ្ទះវិញនៅវេលាម៉ោង ប្រាំនិងសាមសិបនាទី ប្រកបដោយបរិយាកាសរីករាយ និងសុវត្ថិភាព។